ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្តេជ្ញាចុះបញ្ជីដីធ្លីផ្តល់បណ្ណកម្មសិទ្ធស្របច្បាប់ទូទាំងប្រទេស បញ្ចប់ជម្លោះដីធ្លីដើម្បីការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ
(បាត់ដំបង)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការចុះបញ្ជីដីធ្លី ផ្តល់បណ្ណកម្មសិទ្ធ ដើម្បីការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស បញ្ចប់ជម្លោះដីធ្លី ពិសេសវិវាទដីធ្លីដែលនាំឲ្យមានភាពរសើបផ្នែកនយោបាយ គឺមិនមានទៀតនោះទេ ។
នេះជាការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅសាលាខេត្តបាត់ដំបង ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា អណត្តិទី៧ នីតិកាលទី១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងក្នុងការចុះបញ្ជីដីឱ្យបានចប់រួចរាល់នៅក្នុងដើម្បីបញ្ចប់វិវាទដីធ្លីទូទាំងប្រទេស ដែលនេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបានវាស់វែងដីធ្លី និងចុះបញ្ជីជូនប្រជាពលរដ្ឋកម្ពុជាឲ្យបានចប់សព្វគ្រប់ ដើម្បីឈានទៅប្រារព្ធខួបលើកទី៤០ នៃការចុះបញ្ជីដីធ្លីឡើងវិញនៅក្នុងប្រទេសកម្ពុជា ។ ការចេញបណ្ណកម្មសិទ្ធដីធ្លីស្របច្បាប់ គឺជាសញ្ញាដ៏ល្អសម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់ពួកគាត់មិនឲ្យបាត់បង់ ឬមានអ្នកលួចដោយប្រការណាមួយ ស្របជាមួយការផ្តល់សេវាគាប់ចិត្តបន្ថែមទៀត ដែលបង្ខិតការបម្រើសេវាកាន់តែលឿន ទំនុក និងកាន់តែទំនើប ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំឲ្យអាជ្ញាធរខេត្តបាត់ដំបង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត និងគ្រប់ភាគីពាក់ព័ន្ធ គិតគូរបន្ថែមទៀតការរៀបចំទីប្រជុំជន ក្នុងខេត្ត ក្រុង ស្រុក និងតាមមូលដ្ឋាន ឲ្យកាន់តែមានភាពស្រស់ត្រកាល គិតគូរពីសុខភាពសាធារណៈជាចំបង មានកន្លែងហាត់ប្រាណតាមគ្រប់រូបភាព ត្រូវមានភាពច្នៃប្រឌិតប៉ុន្តែរក្សាឲ្យបាននូវសំណង់បុរាណ ចំណុចពិសេសរបស់កិច្ចការរៀបចំដែនដី និងនគរូបនីយកម្មនៅខេត្តបាត់ដំបង គឺភាពប្រសព្វរវាងស្ថាបត្យកម្មខ្មែរសម័យបារាំង និងស្ថាបត្យកម្មខ្មែរនាសហសម័យ ។ ប្រជាជនត្រូវមានទឹកស្អាត ភ្លើង ផ្លូវ ប្រើប្រាស់ឱ្យបានដល់គ្រប់ភូមិ និងគិតគូរលើការរៀបចំភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គលជូនប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ ហើយកាន់តែពិសេសនោះការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ បានឆាប់រហ័សនិងទាន់ពេលវេលា ។
ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក៏បានជម្រុញលើកទឹកចិត្តដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ ទាំងនៅក្រសួង និងគ្រប់តាមមន្ទីរទាំងអស់ ត្រូវរួមសហការគ្នាបំពេញភារៈកិច្ចឲ្យបានល្អ ពង្រឹងសមត្ថភាពមន្រ្តី កសាងធនធានមនុស្ស ស្ថាប័ន រដ្ឋបាលសាធារណៈទំនើប បណ្តុះបណ្តាលសមត្ថភាព ចំណេះជំនាញ រួមទាំងភាសាបរទេសផងដែរ ។
សូមបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះរួមបញ្ចូល ការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្មឱ្យកាន់តែស៊ីជម្រៅ ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី ៣ចំណុចរួមមាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ៕
ដោយ / គ្រី សម្បត្តិ