យូអិន ៖ សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ផ្តាច់ជីវិតជនស៊ីវិលជាង ១ម៉ឺននាក់
គៀវ៖ ជនស៊ីវិលប្រហែល ១១.៥២០នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីចាប់ផ្តើមការឈ្លានពានរបស់ខ្លួន។
ការិយាល័យឧត្តមស្នងការ នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សបានឱ្យដឹងថា ជនស៊ីវិលយ៉ាងតិច ១១.៥២០នាក់ត្រូវបានសម្លាប់នៅអ៊ុយក្រែន ចាប់តាំងពីកងទ័ពរុស្ស៊ីបានចាប់ផ្តើមការឈ្លានពានរបស់ខ្លួន។
តួលេខនេះប្រមូលចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ ដល់ចុងខែកក្កដា ឆ្នាំ ២០២៤។ ជនស៊ីវិលបាត់បង់ជីវិតទាំងនោះ រួមមានកុមារអាយុក្រោម ១៨ឆ្នាំចំនួន ៦៣៣នាក់។ រីឯមនុស្សយ៉ាងហោចណាស់ ២៣.៦៤០នាក់បានរងរបួសក្នុងអំឡុងពេលនោះ។
ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យនេះជឿជាក់ថា តួលេខពិតប្រាកដនៃអ្នកស្លាប់ និងរងរបួសរបស់ជនស៊ីវិលគឺខ្ពស់ជាងនេះ ខណៈដែលរបាយការណ៍ពីតំបន់មួយចំនួន ដែលការប្រយុទ្ធដ៏ខ្លាំងក្លានៅតែបន្តកំពុងរង់ចាំការបញ្ជាក់។
គិតត្រឹមខែកក្កដា ឆ្នាំ ២០២៤តែមួយប៉ុណ្ណោះ គឺជាខែដែលមានជនស៊ីវិលស្លាប់ច្រើនបំផុត ចាប់តាំងពីខែតុលា ឆ្នាំ ២០២២ ដោយចំនួនអ្នកស្លាប់បានកើនឡើងដល់ ២១៩នាក់។ ការិយាល័យដដែលក៏កត់សម្គាល់ផងដែរថា ការវាយប្រហារជាបន្តបន្ទាប់បានផ្តោតលើស្ថាប័នវេជ្ជសាស្ត្រ ដែលទង្វើនេះបានបំពានលើច្បាប់មនុស្សធម៌អន្តរជាតិ។
បើតាមរបាយការណ៍ មន្ទីរពេទ្យចំនួន៦៨ត្រូវបានបំផ្លាញ និង ៤៧៨កន្លែងផ្សេងទៀតបានរងការខូចខាតចាប់តាំងពីការចាប់ផ្តើមការលុកលុយ។ ចំណែកអគារសិក្សាចំនួន២៩៤កន្លែងត្រូវបានបំផ្លាញ និង ១.០១២កន្លែងផ្សេងទៀតបានរងខូចខាត៕
ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា