លោក Trump ចង់តែងតាំងលោក Elon Musk ជាទីប្រឹក្សា
វ៉ាស៊ីនតោន៖ លោក Donald Trump បាននិយាយនាពេលថ្មីៗនេះថា ប្រសិនបើជាប់ឆ្នោត លោកនឹងពិចារណាបញ្ចប់ឥណទានពន្ធ សម្រាប់ការទិញរថយន្តអគ្គិសនី និងតែងតាំងលោក Elon Musk ជាទីប្រឹក្សា។
បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump បានប្រាប់រ៉យទ័រនៅក្នុងបទសម្ភាសន៍មួយថា ប្រសិនបើជាប់ឆ្នោត លោកនឹងពិចារណាបញ្ចប់ឥណទានពន្ធចំនួន ៧.៥០០ដុល្លារ សម្រាប់ការទិញរថយន្តអគ្គិសនី។
លោក Trump បន្ថែមថា លោកនឹងបើកចំហរក្នុងការដាក់ឈ្មោះមហាសេដ្ឋីបច្ចេកវិទ្យា និងជានាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ឱ្យធ្វើជាគណៈរដ្ឋមន្ត្រី ឬតួនាទីជាទីប្រឹក្សា ពីព្រោះគាត់គឺជាមនុស្សឆ្លាតណាស់ និងជាមនុស្សពូកែម្នាក់។
លោក Musk កាលពីខែមុន បានគាំទ្រលោក Trump ជាសាធារណៈ ក្នុងការប្រជែងតំណែងប្រធានាធិបតីអាមេរិក។ យ៉ាងណាមិញ ក្រុមហ៊ុន Tesla មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងបញ្ហានេះទេ៕
ប្រភព៖ Yahoo News ប្រែសម្រួលដោយ៖ ឈឹម ទីណា