ការចុះបញ្ជីលំនៅឋាននៅសហរដ្ឋអាមេរិកកើនឡើងជាង ១៣ភាគរយ ក្នុងខែកក្កដា
វ៉ាស៊ីនតោន៖ ក្នុងខែកក្កដា ឆ្នាំ ២០២៤ ការចុះបញ្ជីលំនៅឋាននៅក្នុងសហរដ្ឋអាមេរិកបានកើនឡើងចំនួន ១៣.៧ភាគរយ។ នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុនទីភ្នាក់ងារអចលនទ្រព្យ Redfin។
ការកើនឡើងការចុះបញ្ជីលំនៅឋាននៅក្នុងសហរដ្ឋអាមេរិក ភាគច្រើនគឺដោយសារតែកិច្ចព្រមព្រៀងទិញផ្ទះ ដែលត្រូវបានលុបចោលចំនួន ៥៩.០០០កិច្ចសន្យា ក្នុងកំឡុងខែកក្កដា ឆ្នាំ ២០២៤នេះ។
តួលេខនេះស្មើនឹងចំនួន ១៥.៨ភាគរយ នៃលំនៅដ្ឋានទាំងអស់ដែលស្ថិតក្រោមកិច្ចសន្យា ដោយសារតែអ្នកទិញផ្ទះទាំងនោះ ប្រឈមនឹងការចំណាយខ្ពស់ និងភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច។
ការកើនឡើងនៃការចុះបញ្ជីលំនៅឋាននានកើតឡើង បើទោះបីជាការសាងសង់ផ្ទះថ្មីបានធ្លាក់ចុះ ចំនួន ៦.៨ភាគរយ ពីមួយខែទៅមួយខែនៅក្នុងខែកក្កដា ដោយឈានដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០២០ នេះបើយោងតាមទិន្នន័យពីនាយកដ្ឋានពាណិជ្ជកម្មអាមេរិក។
ទីភ្នាក់ងារអចលនទ្រព្យនៃក្រុមហ៊ុន Redfin អ្នកស្រី Nicole Stewart បានលើកឡើងពីការព្រួយបារម្ភរបស់អ្នកទិញ អំពីការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខផងដែរ ទោះបីជាអ្នកស្រីនិយាយថា លទ្ធផលនឹងមិនប៉ះពាល់ខ្លាំងដល់ទីផ្សារលំនៅដ្ឋានក៏ដោយ។
យ៉ាងណាមិញ អ្នកទិញផ្ទះជាច្រើនទំនងជាកំពុងរង់ចាំមើលថាតើអត្រាប្រាក់កម្ចីទិញផ្ទះនឹងធ្លាក់ចុះបន្ថែមទៀតដែរឬទេ ដោយសារអ្នកវិនិយោគកំពុងព្យាករណ៍ពីឱកាស ដែលធនាគារកណ្តាលអាមេរិក នឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែកញ្ញាឆ្នាំនេះ៕
ប្រភព៖ Business Insider ប្រែសម្រួលដោយ៖ ឈឹម ទីណា