ក្លិបអ្នកកាសែតកម្ពុជា ចុះអនុស្សរណៈជាមួយក្រុមហ៊ុនហួវៃ ដើម្បីបន្ថែមចំណេះដឹងលើបច្ចេកវិទ្យាដល់អ្នកសារព័ត៌មាន
ភ្នំពេញៈក្លិបអ្នកកាសែតកម្ពុជា(ក.អ.ក)កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនហួវៃ( Huawei) ដែលជាក្រុមហ៊ុនឈានមុខមួយលើវិស័យបច្ចេកវិទ្យាហើយដែលកំពុងប្រតិបត្តិការនៅកម្ពុជា។ សកម្មភាពនេះក្នុងគោលបំណងដើម្បីចូលរួមពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើបច្ចេកវិទ្យា ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក.អ.ក បានបញ្ជាក់ថា ការចុះ MoU ជាមួយក្រុមហ៊ុន ហួវៃ នៅថ្ងៃទី២២ ខែសីហានេះ គឺជាការបោះជំហានថ្មីមួយទៀតនៃបេសកកម្មរបស់ ក.អ.ក ក្នុងការបំពេញបន្ថែមចំណេះដឹងផ្នែកបច្ចេកវិទ្យាដល់អ្នកសារព័ត៌មានដើម្បីលើកកម្ពស់គុណភាពសារព័ត៌មាន ហើយធ្វើយ៉ាងណាជំរុញឱ្យអំណាចទី៤នេះដើរទាន់បរិបទនៃបរិវត្តកម្មឌីជីថលក្នុងយុគសម័យឧស្សាហកម្ម៤.០ ។
ក.អ.ក គូសរំលេចថា បេសកកម្មស្នូលមួយរបស់ ក.អ.ក គឺការបណ្ដុះបណ្ដាល និងការធ្វើវិក្រឹតការដល់អ្នកសារព័ត៌មាន។ ហេតុដូច្នេះហើយទើបក្នុងពេលកន្លងមកថ្មីៗនេះ ក្នុងសកម្មភាពស្រដៀងគ្នានេះ ក្រសួងប្រៃសណីយនិងទូរគមនាគមន៍ផ្តល់ការគាំទ្រដល់ក.អ.ក ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលផ្នែកអក្ខកម្មឌីជីថល និងការផលិតព័ត៌មានដោយប្រើប្រាស់ទូរសព្ទឆ្លាតវៃដល់អ្នកសារព័ត៌មាន។ ក.អ.ក យល់ឃើញថា ការបន្តចាប់យកឱកាសពីវត្តមាន និងការវិវត្តនៃបច្ចេកវិទ្យាថ្មីៗគឺជាភាពចាំបាច់ដែល ក.អ.ក ត្រូវបន្តស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយក្រុមហ៊ុននានាដែលជំនាញលើវិស័យបច្ចេកវិទ្យា ជាពិសេសជាមួយក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជា គឺក្រុមហ៊ុនហួវៃនាពេលនេះ។
សេចក្តីប្រកាសព័ត៌មានដដែលបានបន្ថែមថា ក.អ.ក បើកទូលាយដល់ស្ថាប័នរដ្ឋ និងវិស័យឯកជនដទៃទៀតដើម្បីចូលរួមទ្រទ្រង់ គាំទ្រ ដល់បេសកកម្មរបស់ ក.អ.ក សំដៅពង្រឹងសមត្ថភាពក្រមសីលធម៌ វិជ្ជាជីវៈ និងលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា៕
ដោយ៖មុនី