សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងថ្លែងការណ៍ពិសេស ស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នាវេលាម៉ោង ៧ ល្ងាចនេះ
(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា សម្ដេចថ្លែងការណ៍ពិសេស ស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នាល្ងាចម៉ោង ៧ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ តទៅ ។
សូមជម្រាបថា ក្នុងឱកាសអញ្ជើញជាអធិបតីពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ គឺជាខួបគម្រប់មួយឆ្នាំគត់ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។ រាជរដ្ឋាភិបាល នីតិកាលទី៧ បានដឹកនាំប្រទេសប្រកបដោយការទទួលខុសត្រូវ ដោយបានថែរក្សាការពារយ៉ាងមុតមាំ នៃសុខសន្តិភាព ស្ថេរភាពសង្គម និងសេចក្ដីសុខជូនប្រជាពលរដ្ឋ ។ នេះជាការគូសបញ្ជាក់របស់ ។
សម្ដេចធិបតី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល អាណតិទី៧ បានដឹកនាំប្រទេស បន្តវេនពីសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី ដែលបានដាក់ផែនការយុទ្ធសាស្ត្រ និងបានដាក់ចេញគោលនយោបាយដ៏ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ, មានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ប្រកបដោយមហិច្ឆតាខ្ពស់ ដើម្បីបម្រើប្រទេសជាតិ និងប្រជាជន ។ មានសក្តានុពល ថាមពល និងមធ្យោបាយគ្រប់គ្រាន់ និងមានឆន្ទៈខ្ពស់ ដើម្បីសម្រេចគោលដៅ ។ ជាលទ្ធផលរយៈពេល ១ឆ្នាំ ដែលរាជរដ្ឋាភិបាល អាណតិ្តទី៧ ទទួលបានដ៏ធំធេងបំផុត គឺរក្សាបានសន្តិភាព និងស្ថិរភាពនយោបាយ។
នៅក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខសន្តិភាព មានសារៈសំខាន់ណាស់សម្រាប់ជាតិខ្មែរ ហើយថ្ងៃនេះ ជាខួបមួយឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលថ្មី ។ មួយឆ្នាំនេះ រាជរដ្ឋាភិបាល ថែរក្សាការពារបានយ៉ាងមុតមាំនៃសុខសន្តិភាព និងស្ថេរភាពសង្គម ។ សន្តិភាព គឺពិតជា មានសារៈសំខាន់បំផុត មិនត្រឹមតែសម្រាប់មនុស្សធម្មតានោះឡើយ សូម្បីតែគ្រួសារអាទិទេព ក៏ត្រូវការ នូវសន្តិភាព សម្រាប់ការជួបជុំមូលត្រកូលគ្នាឡើងវិញ ៕
ដោយ ៖ វណ្ណលុក