សម្ដេចតេជោ ហ៊ុន សែន ៖ រយៈពេលមួយឆ្នាំ ជំនាន់ថ្មី បានដឹកនាំដោយភាពស្វាហាប់ និងការទទួលខុសត្រូវ
(ភ្នំពេញ)៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ គឺខួបមួយឆ្នាំ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម ថា អ្នកដឹកនាំជំនាន់ថ្មី ប្រកបដោយភាពស្វាហាប់ និងការទទួលខុសត្រូវ ចំណែកទ្រឹស្តី «ត្រូវលោតទៅក្នុងទឹក ទើបចេះហែលទឹក ជាទ្រឹស្តីនៅតែត្រឹមត្រូវ» ។ ឯទ្រឹស្តី «ក្មេងមានកម្លាំងចាស់ស្គាល់ផ្លូវ» ហាក់លែងស្របជាមួយ សភាពការបច្ចុប្បន្នហើយ ដែលអាចកែទៅជា «ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍» ។
សម្ដេចតេជោ បានសរសេលើបណ្ដាញសង្គមថា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ជាខួបមួយឆ្នាំ នៃថ្ងៃជំនាន់ថ្មី ចាប់ផ្តើមកាច់ចង្កូតនាវាកម្ពុជា ជាមួយការចាកចេញរបស់ U.90 U.80 និង U.70 សំដៅដល់អ្នកមាន អាយុជាង៨០ ជាង៧០ និងជិត ៧០ឆ្នាំ ។
សម្ដេចបន្តថា ជំនាន់ថ្មី បានដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវ ដែលសម្ដេច សូមលើកតែចំណុចគន្លឹះមកកត់សំគាល់ គឺ៖
១. រក្សាបានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់សង្គម ។
២. រក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណារក្សាបានកម្លាំងទិញនៃប្រាក់រៀល។
៣. រក្សាបាននូវកំណើនសេដ្ឋកិច្ច ទោះបីសេដ្ឋកិច្ចតំបន់ និងសកលលោកជួបការលំបាកក៏ដោយ។
៤. ប្រាក់ចំណូលជាតិរក្សាបានល្អ ពិសេសសាច់ប្រាក់នៅរតនាគារជាតិ សម្រាប់ចំណាយចរន្តមិនមានការថយចុះទេ បើទោះជាការចំណាយកើនឡើង ដោយការដំឡើងបៀវត្សរ៍ ចំណាយលើការជួយប្រជាជនក៏ដោយ។
សម្ដេចតេជោ បានបន្ថែមថា បទពិសោធន៍របស់សម្ដេច សាច់ប្រាក់សម្រាប់បើកបៀវត្សរ៍ និងចំណាយចរន្តផ្សេងទៀត វាសំខាន់ណាស់ សម្រាប់រដ្ឋាភិបាលប្រទេសមួយ ។ សម្ដេច និងថ្នាក់ដឹកនាំផ្សេងទៀត ចាកចេញដោយបន្សល់ទុកឲ្យជំនាន់ថ្មី មានសាច់ប្រាក់គ្រប់គ្រាន់ប្រើប្រាស់ច្រើនខែ ហើយជំនាន់ថ្មី ក៏មិនមែនជាស្រីកញ្ជើធ្លុះនោះឡើយ ពួកគេខិតខំប្រមូលចំណូល ដើម្បីបំរើឱ្យការចំណាយដែលចេះតែកើនឡើង និងរក្សាបាននូវសាច់ប្រាក់ក្នុងរតនាគារមិនឱ្យថយចុះ ។
សម្ដេច ដាក់អំរែកចុះបន្ទាប់ពីបំពេញការងារខាងនីតិប្រតិបត្តិរយៈពេលជាង ៤៤ឆ្នាំ ក្នុងនោះកាន់មុខតំណែងជានាយករដ្ឋមន្ត្រី ជាង៣៨ឆ្នាំ មានពេលសមល្មម ដើម្បីរក្សាសុខភាពក្នុងវ័យ ៧២ឆ្នាំ។ កិច្ចការសព្វថ្ងៃនៅប្រមាណ ៥០ភាគរយ ប្រៀបធៀបពេលធ្វើកិច្ចការជានាយករដ្ឋមន្ត្រី ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពាក្យក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ ល្មមដូរចេញហើយ ព្រោះមនុស្សចាស់ខ្លះ ដូចមេក្រុមប្រឆាំងជ្រុលនិយម នាំក្មេងវង្វេងផ្លូវរហូតហើយ ៕
ដោយ ៖ វណ្ណលុក