នាយករដ្ឋមន្ត្រីកម្ពុជា អរគុណចំពោះរដ្ឋាភិបាល នៃប្រទេសនានា និងភាគីពាក់ព័ន្ធ ដែលបានរួមចំណែកផ្ដល់វត្ថុបុរាណខ្មែរ ជូនមកកម្ពុជាវិញ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអរគុណចំពោះរដ្ឋាភិបាល នៃប្រទេសនានា និងភាគីពាក់ព័ន្ធ ដែលបានរួមចំណែកផ្ដល់វត្ថុបុរាណខ្មែរ ដល់កម្ពុជាវិញ ។ ជាមួយនេះ សម្ដេច ក៏សូមអំពាវនាវដល់សារមន្ទីរ ស្ថាប័ននានា និង អ្នករក្សាទុកវត្ថុបុរាណខ្មែរ សូមមេត្តាបន្តប្រគល់វត្ថុទាំងនោះដោយស្ម័គ្រចិត្តជូនមកកម្ពុជាវិញ ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ដូច្នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ។
សម្ដេចធិបតី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ការប្រគល់វត្ថុបុរាណខ្មែរ ជូនមកកម្ពុជា ដែលជាម្ចាស់ដើមវិញនេះ គឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរព ដែលមិនត្រឹមតែបង្ហាញពីក្រមសីលធម៌ ក្នុងការចូលរួមលើកតម្លៃដល់វប្បធម៌នៃជាតិសាសន៍មួយប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមចំណែកដ៏ឧត្ដុង្គឧត្តម ក្នុងការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ របស់មនុស្សជាតិផងដែរ ។
សម្តេចធិបតី ក៏បានយកឱកាសនេះ ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល នៃប្រទេសនានា និងភាគីពាក់ព័ន្ធ ដែលបានរួមចំណែកធ្វើឱ្យសម្រេចបាននូវសមិទ្ធផលដ៏វិសេសវិសាលទាំងនេះ ។ សម្តេច ក៏បានថ្លែងអំណរគុណជាពិសេសដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក មានដូចជា៖ ក្រសួងការបរទេស, ក្រសួងសន្តិសុខមាតុភូមិ, ក្រសួងយុត្តិធម៌ និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ សម្របសម្រួល និងគាំទ្រទាំងទិដ្ឋភាពច្បាប់ និង បច្ចេកទេស ក្នុងការទប់ស្កាត់ និងការបញ្ជូនត្រឡប់មកវិញ នូវសម្បត្តិវប្បធម៌ខ្មែរ ។
សម្តេចនាយករដ្ឋមន្ត្រី ក៏ថ្លែងអំណរគុណ និងកោតសរសើរដល់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស សមត្ថកិច្ចពាក់ព័ន្ធ និង ស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដែលថ្មីៗនេះ បានសហការ និងជួយសម្របសម្រួលក្នុងការបញ្ចូនរូបចម្លាក់ និងគ្រឿង- អលង្ការបុរាណខ្មែរ ត្រឡប់មកកម្ពុជាវិញ ហើយវត្ថុចំនួន ៧៦រូបទៀត នឹងត្រូវបានបញ្ជូនមកវិញ នាពេលឆាប់ៗនេះ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ