មិនធ្វេសប្រហែស បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ពង្រឹងការងារសន្តិសុខ
ព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានអញ្ជើញត្រួតពិនិត្យកម្លាំងទ័ព នៅក្នុងភូមិសាស្ត្រគ្រប់គ្រង និងទទួលខុសត្រូវ ព្រមទាំងបានបន្តផ្សព្វផ្សាយសភាពការណ៍ថ្មីៗ បន្ថែមទៀត ជូននាយទាហាន នាយទាហានរង និងពលទាហាន ក៏ដូចបណ្តាអង្គភាពចំណុះ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៃយោធភូមិភាគទី៤ ។
ក្នុងសកម្មភាពកាលពីរាត្រីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានប្រគល់ភារកិច្ចសំខាន់ៗចាំបាច់មួយចំនួន ជូនដល់កងកម្លាំងអន្តរាគមន៍ប្រចាំទិសនីមួយៗ ឱ្យត្រៀមកម្លាំង គ្រឿងបំពាក់ និងមធ្យោបាយគ្រប់គ្រាន់ រង់ចាំបទបញ្ជាដែលថ្នាក់លើប្រគល់ជូន ក្នុងភារកិច្ចការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងការពារ រាជរដ្ឋាភិបាល ស្របច្បាប់ ប្រឆាំងរាល់ឧបាយកលញុះញង់ បង្កចលាចល បំផ្លាញសុខសន្តិភាព នៅកម្ពុជា ៕
ដោយ៖ឡុង សំបូរ