ផ្ទុះរោងចក្រនៅឥណ្ឌា ស្លាប់មនុស្ស១៧នាក់
បរទេស៖ ប៉ូលិសបាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សយ៉ាងហោចណាស់ ចំនួន១៧នាក់ បានស្លាប់ អំឡុងហេតុការណ៍ផ្ទុះរោងចក្រផលិតឱសថ មួយកន្លែង នៅប្រទេសឥណ្ឌា។ ក្រៅពីនេះ មានមនុស្ស ៣៤នាក់ផ្សេងទៀតរងរងរបួស ដោយត្រូវបានសារធាតុគីមី ដុតស្បែកដ៏រន្ធត់។
កាសែតហិណ្ឌូ បានរាយការណ៍ថា ការបំផ្ទុះមានកម្លាំងខ្លាំង ដោយបានបន្សល់ទុក នូវកំទេចកំទី នៅរាយប៉ាយ ជុំវិញរោងចក្រ។ ប្រភពបានបន្តថា ហេតុការណ៍នេះបានកើតឡើង កាលពីរសៀលថ្ងៃពុធ ស្ថិតក្នុងស្រុក Anakapalli នៃរដ្ឋ Andhra Pradesh ។
អធិការស្រុកបានបញ្ជាក់ថា ផ្អែកតាមក្រុមអ្នកស៊ើបអង្កេត គេជឿថា ការផ្ទុះនេះ បណ្តាលមកពីការលេចធ្លាយឧស្ម័នហើយបន្តទៅប៉ះនឹងបន្ទះអគ្គិសនី នាំឲ្យឆាបឆេះរោងចក្រ ភ្លាមៗ។
នៅថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយថា លោកមានការសោកស្តាយជាខ្លាំង និងរន្ធត់ចិត្ត ជាទីបំផុត ដោយសារការបាត់បង់ជីវិតមនុស្សដ៏ច្រើន។ លោកបានបង្ហោះសារ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រកាសផ្តល់សំណង ដល់គ្រួសារនៃអ្នកស្លាប់ ក្នុងម្នាក់ៗ ទទួលបាន ២៣៨០ដុល្លារអាមេរិក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត