សមត្ថកិច្ចចាប់ខ្លួនមនុស្សចំនួន៣នាក់ ករណីព្យាយាមវាយប្រហារមកលើគេហទំព័រក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងបានចូលរួមសកម្មភាពគាំទ្របច្ចេកទេសក្នុងចលនាបំផុសបំផុលប្រឆាំងគម្រោង CLV-DTA

ភ្នំពេញ៖ សមត្ថកិច្ចបានចាប់ខ្លួនមនុស្សចំនួន៣នាក់ ពាក់ព័ន្ធករណីព្យាយាមវាយប្រហារមកលើគេហទំព័រក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងបានចូលរួមសកម្មភាពគាំទ្របច្ចេកទេសក្នុងចលនាបំផុសបំផុលប្រឆាំងគម្រោង CLV-DTA។ ការចាប់ខ្លួននេះ បានធ្វើឡើងជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ និងបានបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។

ការឃាត់ខ្លួនជនសង្ស័យទាំង ០៣នាក់នេះ ត្រូវបានធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានបញ្ជាឱ្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការស៊ើបអង្កេតស្រាវជ្រាវលើមុខសញ្ញាជនសង្ស័យទាំង៣រូបនេះ រហូតឈានដល់ការឃាត់ខ្លួនបញ្ជូនទៅតុលាការក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

អគ្គនាយកដ្ឋានបច្ចេកឌីជីថលនិងផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា ជនសង្ស័យទាំង ០៣នាក់ បានសារភាពថា ខ្លួនពិតជាបានបង្កើតក្រុមបំផុលបំផុលផ្តល់បច្ចេកទេសចូលរួមក្នុងចលនាប្រឆាំងគម្រោង CLV-DTA និងព្យាយាមវាយប្រហារមកលើគេហទំព័ររបស់ស្ថាប័នរដ្ឋាភិបាលកម្ពុជាពិតប្រាកដមែន។ សមត្ថកិច្ចបានសាកសួរ ជនសង្ស័យទាំង០៣រូបខាងលើរួចមក, ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានបង្កើតឆានែលតេឡេក្រាម មានឈ្មោះ “Victim Leaked Cambodia VLC” ដើម្បីប្រើប្រាស់បំផុសបំផុលការចូលរួមវាយប្រហារ (DDoS) ទៅលើគេហទំព័ររបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាពិតប្រាកដមែន។

ជនសង្ស័យចំនួន០៣ រួមមាន (១) ឈ្មោះ ស.គ.ហ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស, (២) ឈ្មោះ ថ.ស.រ.ព ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស, និង (៣) ឈ្មោះ ល.ម.ឃ ជនជាតិខ្មែរ មុខរបរសិស្ស។


សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានប្រើប្រាស់បច្ចេកទេស (DDoS) ដើម្បីធ្វើការវាយប្រហាររំខានដល់ដំណើរការគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយរបស់ស្ថាប័នរាជរដ្ឋាភិបាលមួយចំនួន ប៉ុន្តែមិនមានការជ្រៀតចូល ឬប៉ះពាល់ដល់ទិន្នន័យណាមួយនោះទេ។

បន្ទាប់ពីកើតហេតុភ្លាមៗ នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថលនៃអគ្គនាយកដ្ឋានបច្ចេកឌីជីថលនិងផ្សព្វផ្សាយអប់រំ បានសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បើកការស្រាវជ្រាវ ស៊ើបអង្កេត ក្រោមការសម្របសម្រួលពី ឯកឧត្តម ច្រឹង ខ្មៅ ក្រសួងមហាផ្ទៃ សូមក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋទូទៅ ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ និងពិនិត្យពិចារណារលើខ្លឹមសារ ប្រភព ឱ្យបានច្បាស់លាស់មុនពេលបញ្ចេញមតិយោបល់ ឬចែករំលែកដែលអាចផ្តល់ផលបះពាល់ដល់សិទ្ធអ្នកដទៃ ស្ថេរភាពសង្គម ព្រមទាំងអាចពាក់ព័ន្ធនឹងទោសទណ្ឌតាមផ្លូវច្បាប់ផងដែរ៕
ដោយ៖ពលជ័យ

ads banner