អ្នកជំនាញលើវិស័យអប់រំ ៖ គុណភាពនៃការសិក្សារបស់សាលារដ្ឋ និងសាលាឯកជន មិនអាចវាយតម្លៃបាននោះទេ
(ភ្នំពេញ)៖ អ្នកជំនាញលើវិស័យអប់រំនៅកម្ពុជា បានលើកឡើងថា ការសិក្សានៅសាលារដ្ឋ មិនសូវមានគុណភាព និងសាលាឯកជន មានគុណភាពនោះ គឺយើងមិនអាចវាយតម្លៃបាននោះទេ ព្រោះថា ពេលខ្លះសាលារដ្ឋ មានគុណភាព នៃការសិក្សាល្អជាងសាលាឯកជនទៀតក៏ថាបាន ដែលនេះវាអាស្រ័យទៅការគ្រប់គ្រងរបស់នាយកសាលានីមួយៗ ខណៈរាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពទី១ ហើយក្រសួងអប់រំ ក៏បាននឹងកំពុងតែពង្រឹងគុណភាពអប់រំនៅគ្រប់កម្រិតសិក្សា ដោយកែប្រែសាលារៀនរបស់រដ្ឋ ឱ្យក្លាយទៅជាសាលាជំនាន់ថ្មី ។
នេះជាការការគូសបញ្ជាក់របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន ក្នុងឱកាសដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីបន្ថែម នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សម្រាប់សាខាចោមចៅ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងពីការពង្រីកសាខាបន្ថែមនាពេលនេះថា ដើម្បីបំពេញតម្រូវការ នៃកំណើនសិស្សានុសិស្ស ក៏ដូចជាឪពុកអ្នកម្ដាយ និងអាណាព្យាបាលសិស្ស ដែលមានភាពកក់ក្ដៅ និងជឿជាក់លើការសិក្សារបស់កូនៗគាត់ នៅសាលា AIS និង មជ្ឈមណ្ឌលភាសា Aii តាមរយៈការសិក្សា មានវិន័យល្អ រៀនពូកែ និយាយបានច្បាស់ ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ។ អគារសិក្សាថ្មីនេះ អាចដាក់សិស្សានុសិស្សបានរហូតដល់ទៅជាង ១២០០នាក់ និងមានការបំពាក់ទៅដោយសម្ភារបរិក្ខារទំនើបៗ និងសម្បូរបែប ដើម្បីបំពេញដល់ការសិក្សាស្រាវជ្រាវ និងធ្វើការពិសោធផ្សេងៗ ។
តាមរយៈការពង្រីកសាខាសាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) អ្នកឧកញ៉ា គួច ម៉េងលី សង្ឃឹមថា នឹងជួយដល់វិស័យអប់រំនៅកម្ពុជា ក្នុងភាពជាដៃគូរជាមួយរាជរដ្ឋាភិបាល ព្រោះនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ស្ថាប័នអប់រំ មានតម្រូវការជាចាំបាច់ ហើយទោះបីជាយើងបើកសាលាច្រើនទៀត ក៏នៅមិនទាន់អាចបំពេញតម្រូវការរបស់ប្រជាពលរដ្ឋយើងដែរ ។
អ្នកឧកញ៉ា ក៏បានបង្ហើបគម្រោងបន្តវិនិយោគលើវិស័យអប់រំ និងសុខាភិបាល ដោយគ្រោងបង្កើតសាលាចំណេះទូទៅអន្តរជាតិ ក្រៅពីចំណេះដឹងទូទៅខ្មែរ គ្រោងបង្កើតជាសាកលវិទ្យាល័យ ក៏ដូចជាសាលាបច្ចេកទេស (TVET) និងកំពុងតែសិក្សាប្លង់គ្រោងបង្កើតជាគ្លីនិកពេទ្យ ដែលនឹងលេចចេញរូបរៀងឆាប់ៗនេះ ។
ក្នុងនាមជាអ្នកជំនាញលើវិស័យអប់រំនៅកម្ពុជា អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានលើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាល ជំរុញកូនៗឱ្យបានសិក្សារៀនសូត្រ យ៉ាងហោចណាស់ក៏បានចប់ថ្នាក់ទី១២ ហើយបើមានលទ្ធភាព ក៏អាចជំរុញឱ្យបានចប់ថ្នាក់មហាវិទ្យាល័យ ព្រោះថា ការអប់រំ ជាសម្បត្តិទ្រព្យដ៏ល្អ ហើយគ្មានអ្វីល្អ ក្រៅពីការផ្ដល់ចំណេះដឹងនេះទេ និងសូមប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រដល់វិស័យអប់រំ និងវិស័យសុខាភិបាល ដែលជាគ្រឹះនៃការអភិវឌ្ឃរបស់ប្រទេសជាតិយើង ។
គួរបញ្ជាក់ថា សាលារៀន អន្តរទ្វីប អាមេរិកាំង ទទួលសិស្សានុសិស្ស ចាប់ពីថ្នាក់ក្រោមមតេ្តយ្យសិក្សា រហូតដល់ថ្នាក់ទី១២ ដោយមានការបន្ថែមជូននូវកម្មវិធីសិក្សាពិសេសៗ រួមមាន មុខវិជ្ជា បំណិនជីវិត និងមុខវិជ្ជាជំនាញជម្រើសដ៏សម្បូរបែបទៀត ។ សាលារៀន អន្តរទ្វីប អាមេរិកាំង ផ្តល់ជូននូវថ្នាក់សិក្សាចំណេះដឹងទូទៅបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយសាលារៀន ក៏មានកម្មវិធីសិក្សាដ៏សម្បូរបែប ទាំងក្នុង និងក្រៅថ្នាក់រៀន ដែលអាចឱ្យសិស្សានុសិស្ស ជ្រើសរើស ដើម្បីអនាគតដ៏ត្រចះត្រចង់របស់ពួកគាត់ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ សួង ពិសិដ្ឋ