ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ណែនាំដល់វិស័យឯកជន ឱ្យស្វែងយល់ពីសក្តានុពលរបស់កម្ពុជា ក្រោមរូបភាព «ភាពជាដៃគូ និងភាពជឿជាក់គ្នាទៅវិញទៅមក»
(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានប្រកាសអបអរសាទរខួប ១ឆ្នាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងណែនាំដល់វិស័យឯកជន ឱ្យស្វែងយល់ពីសក្តានុពលរបស់កម្ពុជា ហើយជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមរូបភាព «ភាពជាដៃគូ និងភាពជឿជាក់គ្នាទៅវិញទៅមក» ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលា ស្តីពី «វេទិកាអភិវឌ្ឍន៍ទីផ្សារមូលធននៅកម្ពុជាលើកទីមួយ» ដែលរៀបចំដោយក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យូរីធី នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ហេង វុទ្ធី ទីប្រឹក្សាផ្ទាល់សម្តេចធិបតី និងជាប្រធានសមាគមអ្នកវិនិយោគចិននៅកម្ពុជា ឯកឧត្តមអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ឯកឧត្តមអគ្គនាយកទីផ្សារមូលបត្រកម្ពុជា ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អ្នកតំណាងក្រុមហ៊ុន អ្នកជំនាញ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប សរុបប្រមាណ ៥០០នាក់។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យូរីធី ដែលបានផ្តួចផ្តើមរៀបចំវេទិកានេះឡើង ដោយបានកៀរគរ អ្នកចូលរួមដែលជាម្ចាស់អាជីវកម្មឈានមុខទាំងក្នុងស្រុក និងក្រៅស្រុក រួមទាំងអ្នកជំនាញគ្រប់គ្រងមូលនិធិជាច្រើនរូប ដើម្បីមកស្វែងយល់អំពីសក្តានុពលនៃការវិនិយោគនៅកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរទស្សនៈ ចែករំលែកជាមួយម្ចាស់អាជីវកម្ម បទពិសោធក្នុងការអភិវឌ្ឍអាជីវកម្មតាមបែបសម័យថ្មី ជាពិសេសតាមរយៈការប្រើប្រាស់ទីផ្សារមូលធន ដើម្បីអភិវឌ្ឍអាជីវកម្មផងដែរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ជាធាតុចូលដល់អង្គសិក្ខាសាលាចំនួន ៣ចំណុចរួមមាន៖ ទី១.លក្ខណៈអំណោយផល និងអត្ថប្រយោជន៍នានា ដូចជាការលើកទឹកចិត្តផ្នែកពន្ធ ដែលរាជរដ្ឋាភិបាល បានផ្តល់ជូនត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ, ទី២.បច្ចេកវិទ្យាហិរញ្ញវត្ថុ ជាប្រព័ន្ធថ្មីដែលពោរពេញដោយកាលានុវត្តន៍ភាព និងសក្តានុពល នៃការពន្លឿនវិស័យមូលបត្រនៅកម្ពុជា ដែលទាំងវិស័យសាធារណៈ និងវិស័យឯកជនគួរចាប់យក និងប្រើប្រាស់ឱ្យមានប្រសិទ្ធភាព និងទី៣.ឯកឧត្តមបានលើកទឹកចិត្ត ទាំងវិស័យសាធារណៈ វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធក្នុងការបន្តឱ្យជិតស្និទ្ធ តាមរយៈការបន្តផ្លាស់ប្តូរ និងចែករំលែកនូវបញ្ហាប្រឈម ដំណោះស្រាយ និងឧត្តមានុវត្តន៍ល្អៗ សម្រាប់ការជំរុញ ទីផ្សារមូលបត្រកម្ពុជា ក្លាយជាប្រភពមូលធនក្នុងស្រុកដ៏សកម្ម និងរស់រវើក និងអាចស្រូបទាញមូលធនបន្ថែម ពីបរទេសផងដែរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់គ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមចំណែកជំរុញការកសាងគ្រឹះសេដ្ឋកិច្ចកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអំពាវនាវដល់វិនិយោគិនទាំងអស់ បន្តស្វែងយល់ពី សក្តានុពលកម្ពុជា ដែលមានប្រជាជនវ័យក្មេងដ៏សកម្ម គោលនយោបាយប្រកបដោយភាពទាក់ទាញ និងអំណោយផល ដល់ការវិនិយោគ ស្ថិរភាពសង្គម សេដ្ឋកិច្ចល្អប្រសើរ រួមជាមួយឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយ បញ្ហាប្រឈមនានា របស់អ្នកវិនិយោគ តាមរយៈវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនដែលធ្វើជារៀងរាល់ឆ្នាំ។
ដោយថ្ងៃនេះ ជាថ្ងៃខួប ១ឆ្នាំនៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ និងសង្កត់ធ្ងន់ទៅលើពាក្យថា «ភាពជាដៃគូ និងភាពជឿជាក់ទៅលើគ្នាទៅវិញទៅមក» សូមវិស័យឯកជនទាំងក្នុង និងក្រៅប្រទេស សូមឱ្យមានការជឿជាក់ទៅលើព្រះរាជាណាចក្រកម្ពុជា ជឿជាក់ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ជាប្រមុខរាជរដ្ឋាភិបាល សូមជឿជាក់មកលើបរិយាកាសអំណោយផលក្រោមម្លប់នៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ដើម្បីអាចបន្តធ្វើអាជីវកម្ម និងភាពរីកចម្រើនអាជីវកម្មរបស់ខ្លួន ៕
ដោយ ៖ វណ្ណលុក