ទូតថៃប្រចាំកម្ពុជា នឹងផ្តល់ការគាំទ្រក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា
(ភ្នំពេញ)៖ ទូតថៃប្រចាំកម្ពុជា នឹងផ្តល់ការគាំទ្រ ក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់ជាអាហារូបករណ៍ដល់មន្រ្តី និងនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសថៃ ។ ការថ្លែងរបស់ឯកឧត្តម ឈើតកៀត អត្ថាករ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ដូច្នេះ ក្នុងឱកាសឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អនុញាតិឱ្យចូលជួបសំណេះសំណាល និងជម្រាបលា នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ ។
ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានរំលឹកអនុស្សាវរីយ៍ល្អៗ និងបានគូសបញ្ជាក់ពីទំនាក់ទំនង និងចំណងមិត្តភាពកម្ពុជា-ថៃ ដែលមានរយៈពេល ៧៤ឆ្នាំ ព្រមទាំងបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការរីកចម្រើនយ៉ាងច្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅក្នុងអាណត្តិឯកឧត្តម ឈើតកៀត អត្ថាករ ជាឯកអគ្គរាជទូតថៃប្រចាំកម្ពុជា តាមរយៈការជំរុញញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសការចូលរួម និងតែងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់ជាអាហារូបករណ៍ដល់មន្រ្តី និងនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសថៃ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកនូវកិច្ចសហការក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ ក្នុងនោះរួមមានការសម្របសម្រួលដំណើរទស្សនកិច្ច របស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៣ រួមជាមួយបេក្ខភាពជ័យលាភី ទៅព្រះរាជាណាចក្រថៃ កាលពីខែឧសភា កន្លងទៅនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្ដមឯកអគ្គរាជទូត អំពីការងារក្នុងនាមក្រសួងមុខងារសាធាណៈ ខណៈកម្ពុជា បានទទួលជាប្រធានប្ដូរវេន សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន ស្ដីពីមុខងារសាធារណៈ ACCSM លើកទី២៣ និង ACCSM បូក៣ លើកទី៨ សម្រាប់អាណត្តិឆ្នាំ ២០២៤-២០២៦ ហើយសង្ឃឹមថា ប្រទេសថៃ នឹងគាំទ្រកម្ពុជា ដែលជាប្រធានប្ដូរវេនសម្រាប់ក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានស្តីពី មុខងារសាធារណៈនេះ និងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ និងនៅក្នុងក្របខណ្ឌអាស៊ាន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរឯកឧត្តម ឱ្យទទួលបាននូវសុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ច ក្នុងបេសកកម្មការងារថ្មីនៅពេលអនាគត និងធ្វើដំណើរត្រឡប់ទៅប្រទេសថៃវិញ ប្រកបដោយសុវត្ថិភាព ៕
ដោយ ៖ វណ្ណលុក