សម្តេចមហារដ្ឋសភាធិការ ឃួន សុដារី ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាត្រូវអនុវត្តការងារឱ្យមានប្រសិទ្ធភាពបន្ថែមទៀត ក្នុងនោះមន្ត្រីត្រូវធ្វើការឲ្យចំជំនាញ ដើម្បីឆ្លើយតបនឹងការប្រែក្លាយ ជារដ្ឋសភាឌីជថល
(ភ្នំពេញ)៖ រដ្ឋសភា កម្ពុជា នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នីតិកាលទី៧ រយៈពេល១ឆ្នាំ និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាពខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភា ។
ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានលើកឡើងថា អគ្គលេខាធិការដ្ឋានរដ្ឋសភាក្រៅពីតាមបម្រើ គាំទ្រឱ្យការបំពេញបេសកកម្មទាំងអស់របស់អ្នកតំណាងរាស្ត្រយ៉ាងសកម្ម ក៏បានចូលរួមអនុវត្តន៍កម្មវិធីកំណែទម្រង់ផ្សេងៗរបស់រាជរដ្ឋាភិបាលជាអាទិ៍ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ។
ឯកឧត្តមបានបន្តក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ រដ្ឋសភានីតិកាលទី៧ បានបំពេញការងារយ៉ាងយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ជាច្រើន ដើម្បីជំរុញអនុវត្តជាក់ស្តែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និង បានជំរុញឱ្យអគ្គលេខាធិការដ្ឋានរដ្ឋសភាពង្រឹងសមត្ថភាពការងារឲ្យកាន់តែមានប្រសិទ្ធភាពខណៈដែលរដ្ឋសភាបាននិងកំពុងពង្រឹងការធ្វើកំណែទម្រង់ស្ថាប័នដោយផ្តោតលើអភិបាលកិច្ចល្អ និងធ្វើទំនើបកម្មស្ថាប័នឈានទៅរករដ្ឋសភាឌីជីថល ពោលគឺមន្ត្រីរដ្ឋសភាត្រូវតែមានសមត្ថភាពក្នុងការបំពេញការងារ។
សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងថា អគ្គលេខាធិការដ្ឋានរដ្ឋសភា ជាសេនាធិការបម្រើឱ្យរដ្ឋសភាទាំងមូល ដូច្នេះត្រូវតែខិតខំអភិវឌ្ឍន៍សមត្ថភាពអនុវត្តការងារឱ្យមានប្រសិទ្ធភាពបន្ថែមទៀត ក្នុងនោះមន្ត្រីត្រូវធ្វើការឲ្យចំជំនាញ ដើម្បីឆ្លើយតបនឹងការប្រែក្លាយជារដ្ឋសភាឌីជថល ។
សម្តេចរដ្ឋសភាធិបតី លើកទឹកចិត្ត គាំទ្រការធ្វើកំណែទម្រង់ស្ថាប័ន ផ្តោតលើការកសាងពង្រឹងសមត្ថភាពមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលជាសេនាធិការរបស់រដ្ឋសភា និងការបំពាក់សម្ភារបច្ចេកទេសលើការងាររដ្ឋបាល។
សម្តេចប្រធានរដ្ឋសភា ក៏បានលើកឡើងទៀតថា ការអភិវឌ្ឍសមត្ថភាពជំនាញដល់មន្ត្រី នៃអគ្គលេខាធិការរដ្ឋរដ្ឋសភា ដោយសារស្ថាប័នរដ្ឋសភាកំពុងរៀបចំខ្លួនប្រែក្លាយទៅជារដ្ឋសភាឌីជីថល ឆ្លើយតបតាមបរិបទនៃការវិវត្តរបស់សកលលោក ក៏ដូចជាបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ឆ្លើយតបនឹងការទុកចិត្តរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដែលមានជាង៨៤ភាគរយ បានចេញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឈរឈ្មោះមកពីគណបក្សចំនួន១៨ ក្នុងប្រជាពលរដ្ឋជាង៨២ភាគរយ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
សម្តេចប្រធានរដ្ឋសភាកម្ពុជា ដើម្បីជំរុញទំនាក់ទំនងវិស័យការទូតសភា ដែលនឹងរួមចំណែកដល់ការលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ក៏ដូចជាការចូលរួមចំណែកដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋទាំងនៅក្នុងតំបន់ និងសកលលោក តាមរយៈយន្តការសភា។
ការបំពេញតួនាទីសំខាន់ទាំងបីរបស់រដ្ឋសភាមាន ៖តួនាទីនីតិកម្ម តួនាទីតាមដានការអនុវត្តច្បាប់ និង តួនាទីជាតំណាងប្រជាពលរដ្ឋ ព្រមទាំងការងារការទូតសភាផងដែរ ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ