បុគ្គលិកមិនសប្បាយចិត្ត ខាតសេដ្ឋកិច្ចពិភពលោក ជិត ៩ ទ្រីលានដុល្លារ
បរទេស៖ សេដ្ឋកិច្ចពិភពលោកអាចនឹងខាតបង់ដល់ ៨.៩ ទ្រីលានដុល្លារ ឬស្មើនឹង ៩% នៃផលិតផលក្នុងស្រុក សរុបពិភពលោក ដោយសារតែបុគ្គលិកកំពុងកង្វះសុខុមាលភាព និង មិនសប្បាយចិត្តក្នុងពេលបំពេញ ការងារ។ នេះបើតាមរបាយការណ៍ពីការស្ទង់មតិប្រចាំឆ្នាំរបស់ក្រុមហ៊ុនវិភាគ និងប្រឹក្សាជាតិអាមេរិក Gallup នៅសប្ដាហ៍នេះ ។
របាយការណ៍របស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Washington មួយនេះធ្វើឡើងកាលពីឆ្នាំមុន តាមរយៈការស្ទង់មតិបុគ្គលិកជិត ១៣ ម៉ឺននាក់ក្នុងប្រទេសជាង ១៤០ នៅតំបន់អាមេរិក, អឺរ៉ុប, មជ្ឈិមបូព៌ា, អាហ្វ្រិក និងតំបន់អាស៊ីខាងត្បូងជាដើម ។
ការស្ទង់មតិនោះបានរកឃើញថា ជារៀងរាល់ថ្ងៃបុគ្គលិកប្រហែល ២០% នៅទូទាំងពិភពលោកមាន អារម្មណ៍ឯកោ, ខឹង ឬសោកសៅ ហើយជាមធ្យម ៤១% មានអារម្មណ៍តានតឹង ។
ចំពោះបុគ្គលិកដែលមានអារម្មណ៍ឯកោ ភាគច្រើនគឺស្ថិតក្នុងចំណោមមនុស្សវ័យក្មេង, អ្នកដែលធ្វើការ ពេញម៉ោងតែមិនមែននៅក្នុងអូហ្វីស និងអ្នកដែលមានអារម្មណ៍ចង់ឈប់ធ្វើការងារជាដើម៕
ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត