ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ៖ ដើម្បីរក្សាទឹកដី និងអធិតេយ្យភាព កម្ពុជាត្រូវការបង្គោលព្រំដែន ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន
ភ្នំពេញ៖ ដើម្បីការពារបូរណភាពទឹកដីបាន កម្ពុជាត្រូវជំរុញបញ្ចប់ការបោះបង្គោលព្រំដែន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមមានសាលារៀន មន្ទីរពេទ្យ និងផ្សារនៅតាមបណ្តោយព្រំដែន។ ខេត្តនៅទិសឦសាន រួមមានក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី គឺជាខេត្តដាច់ស្រយាល ខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ និងមិនសូវមានសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មទេ ដែលទាមទារឱ្យមានការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត។
រដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាម បានព្រមព្រៀងគ្នាបង្កើតកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ តាំងពីឆ្នាំ១៩៩៩ និងបានចុះកិច្ចព្រមព្រៀងស្តីពីការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កាលពីឆ្នាំ២០១៦។ បន្ទាប់មកនៅឆ្នាំ ២០១៨ មានច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង CLV-DTA ចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ។
នេះគឺជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំវិទ្យាស្ថាន សាស្រ្តាចារ្យ មន្រ្តី និងនិស្សិតប្រមាណ ២០០នាក់ ។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានបន្តថា បានថ្លែងថា ក្រោយចុះកិច្ចព្រមព្រៀង CLV-DTA ខេត្តទាំង៤ មានការកើនឡើងសកម្មភាពសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ និងមានផ្លូវខ្វាត់ខ្វែងសំរាប់ការធ្វើដំណើរ និងដឹកកសិផល ព្រមទាំងទំនិញផ្សេងៗ បានប្រសើរឡើង។
ឯកឧត្តមបណ្ឌិត បានលើកអំពីសក្តានុពលសេដ្ឋកិច្ចនៅតំបន់ត្រីកោណ ដោយផ្តោតលើកសិកម្ម និងទេសចរណ៍ និងបានថ្លែងថា ខេត្តទាំង៤មានកសិកផលច្រើនមុខ ជាពិសេសស្វាយចន្ទី ដែលលើសពីតំរូវការក្នុងស្រុក និងត្រូវនាំចេញតាមរយៈប្រទេសវៀតណាម ដូច្នេះការសម្រួលពាណិជ្ជកម្ម និងការបំលាស់ទីរបស់ពលរដ្ឋតាមព្រំដែន គឺជាអ្វីដែលត្រូវធ្វើ ដើម្បីធានាបានថា ទំនិញត្រូវបាននាំចេញ និងនាំចំណេញដល់កសិករយើង។
ឯកឧត្តមបណ្ឌិត បានលើកអំពីការរីកចម្រើនសេដ្ឋកិច្ច ដោយប្រៀបធៀបផលិតផលក្នុងស្រុកសរុប (GDP) រវាងកម្ពុជា ឡាវ និងវៀតណាម ពីឆ្នាំ១៩៩៩-២០២៤។ ប្រជាជនកម្ពុជាមានចំណូលត្រឹមតែ ២៩៦$ ប៉ុណ្ណោះក្នុងម្នាក់នៅឆ្នាំ១៩៩៩ ហើយបានកើនដល់ ២.៣៣៦$ នៅឆ្នាំ២០២៤ ដោយកើនឡើង៧ដង។ ប្រជាជនឡាវមានចំណូល ២៧២$ ក្នុងម្នាក់នៅឆ្នាំ១៩៩៩ ហើយបានកើនដល់១,៩៧៦$ នៅឆ្នាំ២០២៤ ដោយបានកើន៦ដង។ ឯប្រជាជនវៀតណាមមាន ៣៦៧$ នៅឆ្នាំ១៩៩៩ និង៤,៦២៣$ នៅឆ្នាំ២០២៤ ដោយបានកើនឡើងជាង១១ដង។
ឯកឧត្តមបានស្នើដល់អ្នកចូលរួមឱ្យយល់បានច្បាស់អំពីសារៈសំខាន់នៃកិច្ចព្រមព្រៀង CLV-DTA និងបានប្រាប់ថា ឯកសារនិងពត៌មានស្តីពី CLV-DTA មានក្នុងការសែត និងអ៊ីនធឺណែតអស់រយៈពេលជាច្រើនឆ្នាំហើយ ដូច្នេះវាគឺជារឿងចាស់ មិនមានការលាក់បាំងទេ។ ឯកឧត្តមបណ្ឌិត បានប្រាប់ថា មានអ្នកស្រាវជ្រាវរបស់វិទ្យាស្ថានមេគង្គ នៅប្រទេសថៃ បានស្រាវជ្រាវនិងសរសេរអត្ថបទបោះផ្សាយអំពី CLV-DTA នៅឆ្នាំ២០០៧ តែបែរជាអ្នកនយោបាយខ្មែរមួយចំនួនឆ្លើយថាមិនដឹងពីកិច្ចព្រមព្រៀងនេះ នេះគឺជាការនិយាយខ្វះការទទួលខុសត្រូវ និងខ្វះការស្រាវជ្រាវ៕
អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា







