សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល ១ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន

ភ្នំពេញ៖ ក្នុងរយៈពេល ១ឆ្នាំ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដឹកនាំនាវាកម្ពុជា សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនជូនប្រជាពលរដ្ឋ ទោះបីសភាពការណ៍អន្ដរជាតិ មានភាពស្មុគស្មាញក៏ដោយ។ នេះជាការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើសេចក្តីថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងរយៈពេល ១២ខែមកនេះ ទោះបីស្ថិតនៅក្នុងដំណាក់កាល ដែលសភាពការណ៍អន្ដរជាតិ មានការវិវត្តន៍ក្នុងភាពស្មុគស្មាញ និងពិបាកប៉ាន់ស្មាន កម្ពុជានៅតែកំពុងបន្ដដំណើរ ក្នុងគន្លងវិជ្ជមាន និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនជូនប្រជាពលរដ្ឋ ។

ពាក់ព័ន្ធស្ថានភាពនយោបាយ និងសន្ដិសុខសង្គម សម្ដេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាល នឹងបន្ដរក្សាបាននូវសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម។

សម្រាប់ការងារការទូត ទំនាក់ទំនងអន្ដរជាតិ ទន្ទឹមនឹងការបន្ដការពង្រឹង ពង្រីកទំនាក់ទំនងល្អជាមួយប្រទេសជាមិត្ត ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ត្រូវបានសម្ដេចបញ្ជាក់ថា កម្ពុជា បានដំឡើងកម្រិតទំនាក់ទំនងជាមួយប្រទេសមួយចំនួន ដូចជា៖ បារាំង ជប៉ុន ថៃជាដើម គឺបានបង្កើនកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេស គឺការលើកកម្ពស់វិស័យពាណិជ្ជកម្មតែម្តង ។

ចំពោះស្ថានភាពសេដ្ឋកិច្ច សម្ដេចនាយករដ្ឋមន្ដ្រី បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា សម្រេច​បានកំណើន ៥% នៅឆ្នាំ២០២៣ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ទោះបីជារយៈពេល១២ខែ កន្លងមកនេះ បញ្ហាសេដ្ឋកិច្ចពិភពលោក នៅមិនទាន់មាន​ភាពនឹងនរ មិនច្បាស់លាស់ ប៉ុន្ដែប្រទេសកម្ពុជា អាចរក្សាបាននៅស្ថិរភាព និងសេដ្ឋកិច្ច កំពុងមានកំណើនឡើងវិញដល់ជាង ៦% នៅឆ្នាំ២០២៤នេះ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner