នាយករដ្ឋមន្ត្រី ណែរនាំដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលភារកិច្ចរៀបចំដំណើរកម្សាន្តជូនពលរដ្ឋ ទៅដើរលេងកំសាន្ត តាមបណ្តោយព្រំដែន និងខេត្តចំនួន ៤ នៃគម្រោង CLV ដោយមិនគិតថ្លៃ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែរនាំដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលភារកិច្ចរៀបចំដំណើរកម្សាន្តជូនប្រជាពលរដ្ឋ ទៅដើរលេងកំសាន្ត នៅតាមបណ្តោយព្រំដែន និងខេត្តចំនួន ៤ នៃគម្រោង CLV ដោយមិនគិតថ្លៃ ទាំងមធ្យោបាយដឹកជញ្ជូន និងអាហារ ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែរនាំដូច្នេះ ក្នុងឱកាសអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ។

សម្តេចធិបតី បានថ្លែងថា សម្ដេចបានសម្រេចផ្តួចផ្តើមបង្កើតមូលនិធិ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយមានគោលដៅពីរ គឺ៖ ទី១-កៀរគរថវិកាបន្ថែម និងទី២-ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋទូទាំងប្រទេស បានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល នៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន ។

បើតាមប្រមុខរាជរដ្ឋាភិបាល ការបង្កើតមូលនិធិនេះ មានគោលដៅកៀរគរថវិកា និងផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស បានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន និងជាការបង្ហាញនូវការយកចិត្តទុកដាក់ លើការកសាងផ្លូវនៅតាមព្រំដែនរបស់ពលរដ្ឋ និងរាជរដ្ឋាភិបាល។ សម្ដេច ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួម និងរួមគ្នាកសាងផ្លូវក្រវាត់ព្រំដែន ដើម្បីកិច្ចការពារបូរណភាពទឹកដីកម្ពុជា ។

ជាមួយនេះ សម្តេចធិបតី បានថ្លែងបន្តថា រាជរដ្ឋាភិបាល នឹងរៀបចំឱ្យបងប្អូនប្រជាពលរដ្ឋ បានទៅដើរលេងកំសាន្តនៅតាមបណ្តោយព្រំដែន និងខេត្តចំនួនបួន គឺក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ដែលគេចោទរាជរដ្ឋាភិបាលថា កាត់ខេត្តឱ្យវៀតណាមនោះ ជារៀងរាល់ចុងសប្តាហ៍ដោយមិនគិតលុយទាំងអស់ រហូតដល់ចុងឆ្នាំ២០២៤នេះ ។

សម្ដេចបានបញ្ជាក់ថា ទាំងនេះ គឺដើម្បីបង្ហាញថា យើងស្តាប់ប្រជាពលរដ្ឋ ដូច្នេះយើងនឹងឱ្យប្រជាពលរដ្ឋទៅទីនោះ ដើម្បីឃើញការអភិវឌ្ឍ ហើយយើងនឹងជំរុញការអភិវឌ្ឍខេត្តទាំងបួននោះបន្ថែមទៀត ដើម្បីពន្លត់ការភ័យព្រួយរបស់ប្រជាពលរដ្ឋ នៅថ្ងៃអនាគត ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានណែរនាំដល់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលភារកិច្ចនេះ គឺរៀបចំដំណើរកម្សាន្ត ដោយផ្តល់ជូននូវមធ្យោបាយដឹកជញ្ជូន និងអាហារ ដោយមិនគិតថ្លៃ ដោយចាប់ផ្តើមអនុវត្តពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនបានទៅដល់ខេត្តទាំង៤នោះ និងឃើញទិដ្ឋភាពជាក់ស្តែងពីការអភិវឌ្ឍនៅតាមព្រំដែន និងផ្លូវនៅតាមព្រំដែនរបស់យើង ក៏ដូចជាការវិវត្តរបស់ប្រជាជននៅក្នុងខេត្តទាំងនោះ ហើយឯកឧត្តម នេត្រ ភក្ត្រា ត្រូវដាក់ចេញជាព័ត៌មានលំអិតអំពីការចុះឈ្មោះ និងពេលវេលាដើម្បីអនុវត្ត ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner