នាយករដ្ឋមន្ត្រី៖ ១ឆ្នាំ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ មានរោងចក្រសហគ្រាស​បើកថ្មីជាច្រើន ទោះបីជាមានរោងចក្រសហគ្រាសមួយចំនួនបានបិទទ្វាក៏ដោយ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រយៈពេល ១ឆ្នាំនេះ រាជរដ្ឋាភិបាល អាណត្តិទី៧ មានរោងចក្រសហគ្រាសបើកថ្មីជាច្រើន ទោះបីជាមានរោងចក្រសហគ្រាសមួយចំនួនបានបិទទ្វាក៏ដោយ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទោះពីជាបច្ចុប្បន្នបញ្ហាសេដ្ឋកិច្ចពិភពលោក មិនទាន់មានភាពនឹងនរ មានភាពមិនប្រាកដប្រជា ជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាក៏ដោយ ក៏ស្ថានភាពវិស័យការងារនៅក្នុងប្រទេសកម្ពុជា នៅតែមានភាពវិជ្ជមាន។ ជាក់ស្ដែងក្នុងរយៈពេល ១២ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ទោះបីជាមានរោងចក្រសហគ្រាសមួយចំនួនបានបិទទ្វាក៏ដោយ ប៉ុន្ដែក៏មានរោងចក្រសហគ្រាសបើកថ្មីជាច្រើនផងដែរ ដោយបានបង្កើតការងារជាង ២២ម៉ឺនកន្លែង ក្នុងនោះមានរោងចក្រកាត់ដេរបើកថ្មីចំនួន ២៧៥រោងចក្រ បង្កើតការងារថ្មីជាង ១៣ម៉ឺនកន្លែង ។

សម្តេចធិបតី បានបន្តថា គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៣៩១គម្រោង ដែលមានទឹកប្រាក់ប្រមាណ ៧,៦ពាន់លានដុល្លារ ដោយក្នុងនោះ មានវិនិយោគិនមកពីបរទេសដូចជា អាមរិក ចិន ជប៉ុន កាណាដា កូរ៉េខាងត្បូង ស៊ុយអ៊ែត សហភាពអ៊ឺរ៉ុប អូស្រ្ដាលី និងប្រទេសជាច្រើនទៀត រួមនឹងប្រទេសក្នុងតំបន់អាស៊ានផងដែរ ។

សម្តេចធិបតី បានបន្តថា ក្នុងរយៈពេល១២ខែ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល បានធ្វើការដំឡើងប្រាប់ខែ និងប្រាក់ឧបត្ថម្ភផ្សេងៗជាបន្តបន្ទាប់ ដល់មន្រ្តីរាជការ កងកម្លាំងប្រាប់អាវុធគ្រប់ប្រភេទទាំងអស់ ជាពិសេស គឺវិស័យអប់រំ និងវិស័យសុខាភិបាលជាដើម ។

សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា រដ្ឋបានបង្កើនការផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ និងកុមារ ក្នុងក្របខណ្ឌរបបសន្តិសុខសង្គមបានជាង ១២ម៉ឺននាក់ ដែលមានទឹកប្រាក់ប្រមាណជាង២៥លានដុល្លារអាមេរិក និងបានផ្តល់ឱកាសជួយសម្រួលដល់ស្រ្តីមានផ្ទៃពោះដែលកំពុងជាប់ពិរុទ្ធភាពផងដែរ ។

ជាមួយគ្នានេះ សម្តេចធិបតី បានបញ្ជាក់ដៃថា ក្នុងរយៈពេល ១២ខែ រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក៏បានផ្តល់ប្រាក់ឧបត្ថម្ភស្វ័យនិយោជដល់ប្រជាជន​ប្រមាណជាង ៣៧ម៉ឺននាក់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាល អាណត្តិទី៧ ក៏បានដាក់ចេញ​នូវគោលការណ៍ដែលជាកម្មវិធីជំនួយសង្គមដល់ស្ត្រីជាទណ្ឌិតនៅក្នុងពន្ធនាគារ និងកុមារនៅជាមួយម្ដាយក្នុងពន្ធនាគារ ឱ្យទទួលបានសាច់ប្រាក់ឧបត្ថម្ភ ដែលជាកម្មវិធីជំនួយសង្គមរបស់រដ្ឋាភិបាល ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner