ឯកឧត្តម សុខ សូកេន៖ វេទិកាបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបប្រចាំឆ្នាំ គឺជាការជួបជុំដ៏សំខាន់មួយជួយជំរុញក្នុងការអភិវឌ្ឍ និងអភិរក្សបឹងទន្លេសាប អោយកាន់តែទាក់ទាញ
ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានអញ្ជើញបើកវទិកាបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបប្រចាំឆ្នាំលើកទី១ ក្រោមប្រធានបទ «ការពង្រឹងសេវាកម្មទេសចរណ៍ និងអេកូទេសចរណ៍ឆ្ពោះទៅរកការលើកកម្ពស់ជីវភាពសហគមន៍ និងការគ្រប់គ្រងធនធានធម្មជាតិតំបន់បឹងទន្លេសាបប្រកបដោយនិរន្តរភាព»នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ,ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា វេទិកានាថ្ងៃនេះ គឺជាការជួបជុំដ៏សំខាន់មួយ ដែលមានគ្រប់សមាសភាពពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីការជំរុញការអភិវឌ្ឍវិស័យ ទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ នៅតំបន់បឹងទន្លេសាប បឹងទន្លេសាប គឺជាបេះដូង នៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ទាំងលើផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន និងបានបង្កើតជាកាលានុវត្តភាពជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ក៏ដូចជាការធ្វើ សុខដុមនីយកម្មការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន ប្រកបដោយចីរភាព និងបរិយាប័ន្ន។
ជាក់ស្តែង បាតុភូតជលសាស្ត្រធម្មជាតិ បានធ្វើឱ្យបឹងទន្លេសាបក្លាយជាជម្រកដល់ជីវចម្រុះ យ៉ាងសម្បូរបែបសម្រាប់មច្ឆាជាតិ បក្សី ស្តូន ថនិកសត្វ និងរុក្ខជាតិជាច្រើនប្រភេទ ព្រមទាំងជាប្រភពទឹកដ៏សំខាន់ ដែលជួយបម្រើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់សែននាក់កំពុង រស់នៅតាមតំបន់ទំនាប និងតំបន់លិចទឹកនៃបឹងទន្លេសាប ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពរស់នៅពឹងផ្អែកជាចម្បងលើការនេសាទ និងកសិកម្ម និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចប្រជាជនមូលដ្ឋាន និងសេដ្ឋកិច្ចជាតិផងដែរ។ លើសពីនេះទៀត បឹងទន្លេសាបជាសក្តានុពលដ៏ធំមួយ សម្រាប់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍» ដែលជួយកម្ពុជា ក្នុងការធ្វើពិពិធកម្មផលិតផលទេសចរណ៍សម្រាប់ទាំងភ្ញៀវជាតិ និងអន្តរជាតិ។
ជាមួយគ្នានេះ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរវាងលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ និងដៃគូពាក់ព័ន្ធ ពិសេសអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល ដែលហៅកាត់ថាអង្គការ FACT និងអង្គការ ដៃគូអភិវឌ្ឍន៍ទាំងអស់ រួមមានសហភាពអឺរ៉ុប និងអង្គការអុកស្វាមកម្ពុជា ដែលបានជំរុញការបង្កើត និងគាំទ្រកិច្ចដំណើរការរបស់បណ្ដាញ TEN នេះឡើង។
ឯកឧត្តមរដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា បណ្តាញ TEN បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍនិងអភិរក្សសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍តំបន់បឹងទន្លេសាបបាន យ៉ាងមានប្រសិទ្ធភាពស្របទៅនឹងគោលនយោបាយជាតិអេកូទេសចរណ៍ ឆ្នាំ២០១៩-២០៣០ផងដែរ។
ឯកឧត្តម សុខ សូកេន បញ្ជាក់ថា តាមការចង្អុលបង្ហាញដោយយុទ្ធសាស្ត្របញ្ហាកោណដំណាក់កាលទី១, ក្រសួងទេសចរណ៍ បានកំណត់ចក្ខុវិស័យច្បាស់លាស់ គឺ“ដើម្បីរួមចំណែកដល់ការលើកកម្ពស់ កិត្យានុភាព និងភាពធន់ នៃកម្ពុជា តាមរយៈការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ ឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ”។ ហើយដើម្បីសម្រេចចក្ខុវិស័យខាងលើក្រសួងទេសចរណ៍ បានដាក់ចេញគំនិតផ្តួចផ្ដើមយុទ្ធសាស្ត «បង្កើន៥ អភិវឌ្ឍ៣» ឬ ហៅកាត់ថា “BUILD + 3Ds” ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។
ជាចុងក្រោយឯកឧត្តម រដមន្រ្តី ស្នើឱ្យសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងបដិសណ្ឋារកិច្ច ស្ដង់ដារ និងគុណភាពសេវាកម្ម ឱ្យបានប្រសើរឡើង ដោយត្រូវផ្ដោតសំខាន់លើកត្តាអនាម័យ បរិស្ថាន និងភាពទាក់ទាញ ឱ្យមានប្រសិទ្ធភាព និងបរិយាបន្ន៕
អត្ថបទ-រូបភាព ៖ លោក ចាន់ វិចិត្រ ,មឿង ចំរ៉ុង










