ថ្នាំ Paclobutrazol ប្រើលើសកម្រិតនាំឱ្យស្រូវមានសភាពឡើងលឿង និងមានស្នាមអុចស្លឹកដែលនាំឱ្យធ្លាក់ទិន្នផល
ពោធិ៍សាត់៖ ដំណាំស្រូវដែលមានសភាពលឿង គឺបណ្តាលមកពីការប្រើប្រាស់ថ្នាំ Paclobutrazol លើសកម្រិតណែនាំ គួបផ្សំបញ្ហារអាកាសធាតុក្តៅខ្លាំងអូសបន្លាយនិងមិនមានភ្លៀងធា្លក់។ការប្រើថ្នាំប្រភេទនេះខុសបច្ចេកទេសមិនត្រឹមធ្វើឱ្យស្រូវឡើងលឿង ស្នាមអុជស្លឹកទេ តែវាក៏ប្រឈមបង្កឱ្យទិន្នផលថយចុះមួយចំនួនផងដែរ។នេះបើតាមការឱ្យដឹងពីសំណាក់អ្នកជំនាញរបស់អគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គួរបញ្ជាក់ថាចាប់ពីថ្ងៃទី២១-២៣ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ និងនាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យនិងវាយតម្លៃពីផលប៉ះពាល់លើដំណាំស្រូវដោយសារការប្រើប្រាស់ថ្នាំកសិកម្មមិនត្រឹមត្រូវតាមបច្ចេកទេស ក្នុង ខេត្តពោធិ៍សាត់។
តាមប្រភពពីអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងនៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៤ថាលក្ខណៈជាទូទៅចំពោះកម្រិតនៃការប្រើប្រាស់ថ្នាំ Paclobutrazol លើដំណាំស្រូវ គឺ ២០-២៥ក្រាម ក្នុងមួយធុង (២៥លីត្រ) ដោយបាញ់ចំនួន ៨-១០ធុងក្នុងមួយហិកតា ស្នើនឹង១៦០-២៥០ក្រាមក្នុងមួយហិកតា។ទោះបីយ៉ាងណាជាក់ស្តែងរបស់កសិករគឺ បានប្រើប្រាស់ក្នុង កម្រិត១០០០-១៥០០ក្រាមក្នុងមួយហិកតា គឺបានលើសកម្រិតនៃការណែនាំ ប្រើប្រាស់ យ៉ាងខ្លាំង។
ប្រភពខាងលើនេះបានឱ្យដឹងបន្ថែមថា៖តាមការពិនិត្យជាក់ស្តែង ក្រុមអ្នកជំនាញរអាចសន្និដ្ឋានបានថាក្នុងការប្រើថ្នាំ Paclobutrazol ច្រើនលើសកម្រិត អាចបង្អាក់ការលូតលាស់ បង្កឱ្យគែមស្លឹកស្រូវលឿងហើយមានស្នាមអុចៗស្លឹក និងស្លឹកខ្លះមានសភាពក្រៀមស្ងួត។បច្ចុប្បន្ន ស្ថានភាពដំណាំស្រូវនៅក្នុងដំណាក់កាលពន្លូតដើម គឺមិនបង្កឱ្យមានការខូតខាតទាំងស្រុងនោះឡើយ គ្រាន់តែមានសភាពលឿង និងមានស្នាមអុចស្លឹក ហើយក្រុមការងារអាចវាយតម្លៃបានថា ដំណាំស្រូវដែលទទួលរងផលប៉ះពាល់នេះ នឹងអាចធ្វើឱ្យ បរិមាណទិន្នផលថយចុះបន្តិចបន្តួច។
ដោយសារផ្តើមចេញពីបញ្ហានេះដែរ ក្រុមការងារបានណែនាំដល់បងប្អូនប្រជាកសិករ មន្ត្រីកសិកម្មឃុំ,ស្រុក អំពីការប្រើប្រាស់ថ្នាំនិងជីកសិកម្មឱ្យស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីឱ្យមានប្រសិទ្ធភាព និងសុវត្តិភាព ហើយបានណែនាំដល់បងប្អូនប្រជាកសិករឱ្យប្រើប្រាស់ថ្នាំនិងជីកសិកម្មដែលបានចុះបញ្ជីការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
ដោយ ៖ ម៉ាដេប៉ូ





