សម្ដេចធិបតី ណែនាំឱ្យកែសម្រួលម៉ោងទស្សនាប្រាសាទ ដើម្បីបង្កលក្ខណៈ​ងាយស្រួលដល់ភ្ញៀវទេសចរ បានមើលថ្ងៃលិច និងស្ដាប់សំឡេងសត្វយំ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យកែសម្រួលម៉ោងបើក និងបិទ ឱ្យភ្ញៀវចូលទស្សនាប្រាសាទនានា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ មានឱកាសទស្សនាកាន់តែសសម្បូរបែប ពិសេសបានមើលថ្ងៃលិច និងស្ដាប់សំឡេងសត្វយំពីព្រលឹម ។

ក្នុងឱកាសអញ្ជើញថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានណែនាំឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រគល់ភារកិច្ចជូនគ្រឹះស្ថានអង្គរ កែប្រែនីតិវិធីទិញសំបុត្រចូលទស្សនាតំបន់អង្គរ ឱ្យមានភាពសាមញ្ញ ដើម្បីកុំឱ្យប៉ះពាល់អារម្មណ៍ភ្ញៀវ ។

សម្ដេចធិបតី បានយកឱកាសនេះ ប្រកាសជូនដល់បងប្អូនមគ្គុទេសក៍ទេសចរណ៍ទាំងអស់ ឱ្យបានជ្រាបថា ដើម្បីជួយដល់បងប្អូន និងសម្រួលដល់បងប្អូនក្នុងការប្រកបរបរការងារ ខ្ញុំ បានសម្រេចពន្យា ឬបន្ថែមសុពលភាពអាជ្ញាប័ណ្ណមគ្គុទេសក៍ទេសចរណ៍ ២ឆ្នាំ ទៅ ៣ឆ្នាំ តែម្ដង។

លើសពីនេះទៀត សម្ដេចធិបតី ក៏បានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យលទ្ធភាពបន្ថែមម៉ោងទស្សនាទៅលើប្រាសាទមួយចំនួនថែមទៀត ដើម្បីអាចឱ្យភ្ញៀវទេសចរ មើលថ្ងៃលិច ថ្ងៃរះ ស្ដាប់សំឡេងសត្វយំពីព្រលឹម ដូចជា ប្រាសាទអង្គរវត្តជាដើម ។

សម្ដេចនាយករដ្ឋមន្ដ្រី បានបន្ថែមទៀតថា ដើម្បីឱ្យភ្ញៀវបានចូលទស្សនា បានមើលថ្ងៃលិច បានស្ដាប់សំឡេងសត្វយំពីព្រលឹម ប្រាសាទអង្គរវត្ត បានកែម៉ោងបើកទ្វារ ពីម៉ោង ៥ព្រឹក និងបិទទ្វារនៅម៉ោង ៦ល្ងាច ។ ចំណែកប្រាសាទប្រែរូប ប្រាសាទភ្នំបាក់ខែង ប្រាសាទភ្នំក្រោមបានកែម៉ោងបើកទ្វារពីម៉ោង ៦ព្រឹក និងបិទទ្វារនៅម៉ោង ៧យប់។ រីឯប្រាសាទផ្សេងទៀត ចាប់ផ្ដើមបើកនៅម៉ោង ៦ព្រឹក ហើយបិទនៅម៉ោង ៦កន្លះល្ងាច ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner