រាជរដ្ឋាភិបាល ប្រកាសលើកលែងពន្ធវិស័យអប់រំ រហូតដល់ឆ្នាំ២០២៨ ដើម្បីចូលរួមលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសលើកលែងពន្ធដល់វិស័យអប់រំ រហូតដល់ឆ្នាំ២០២៨ ដើម្បីចូលរួមលើកកម្ពស់គុណភាពអប់រំ នៅក្នុងប្រទេសកម្ពុជា ។

សម្តេចធិបតី បានបញ្ជាក់ថា ៖ វិស័យសំខាន់ ដែលរាជរដ្ឋាភិបាល បានផ្តល់កាអន្តរាគមន៍ និងលើកទឹកចិត្ត គឺវិស័យអប់រំ ។ រាជរដ្ឋាភិបាល បានផ្តល់ការលើមទឹកចិត្តផ្នែកពន្ធដា ដល់គ្រឹះស្ថានសិក្សា នៅទូទាំងប្រទេស រហូតដល់ដំណាច់ឆ្នាំ២០២៨ ។ ការលើកទឹកចិត្តនេះ នឹងផ្តល់លទ្ធភាពដល់គ្រឹះស្ថានសិក្សា ក្នុងការពង្រឹងគុណភាពគ្រឹះស្ថានសិក្សាខ្លួន ដើម្បីចូលរួមលើកកម្ពស់គុណភាពសិក្សាជាទូទៅ ។

សម្តេចបានបន្ថែមថា ក្រៅពីលើកទឹកចិត្ត ផ្នែកពន្ធដា រាជរដ្ឋាភិបាល ក៏បានលើកទឹកចិត្ត និងផ្តល់ការអនុគ្រោះដល់វិស័យដ៏ទៀតជាច្រើនផងដែរ ដែលពេលនេះ មិនអាចរៀបរាប់អស់នៅថ្ងៃនេះ នោះទេ ។

ជាមួយគ្នានោះដែរ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ចំពោះការលើកទឹកចិត្ត ចំពោះវិស័យធនាគារ និងហិរញ្ញវត្ថុវិញ ធនាគារជាតិ នៃកម្ពុជា បានធ្វើការជជែកគ្នាជាមួយធនាគារឯកជន និងគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីស្វែងរកដំណោះស្រាយ និងរកវិធីសាស្ត្រជួយសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ អាជីវករ ដើម្បីបង្កើតទឹកប្រាក់ចូលក្នុងទីផ្សារ ។

សម្ដេចថា ជាលទ្ធផល នៅក្នុងទិសដៅធានាបាននូវសាច់ប្រាក់គ្រប់គ្រាន់ក្នុងទីផ្សារនោះ រាជរដ្ឋាភិបាល តាមរយៈធនាគារជាតិ នៃកម្ពុជា បានធ្វើការបន្ធូរបន្ថយ នូវលក្ខខណ្ឌមួយចំនួន ដែលអាចបង្កើនលទ្ធភាពធ្វើឲ្យគ្រឹះស្ថានធានាគារ និងមីក្រូហិរញ្ញវត្ថុ បញ្ចេញសាច់ប្រាក់ចូលក្នុងសេដ្ឋកិច្ច អាចបានជាង ២ពាន់៣រយលានដុល្លារ បន្ថែមទៀត ។

សម្តេចធិបតី បានបន្ថែមទៀតថា កាលពីវេទិការ រវាងរាជរដ្ឋាភិបាល ជាមួយវិស័យឯកជន លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងមកនេះ ធានាគារជាតិបានសម្រេចកាត់បន្ថយអត្រាប្រាក់បំម្រុងកាតព្វកិច្ច ជារូបិយប័ន របស់គ្រឹះស្ថានធានាគារ ពី៩% មក៧% រហូតដល់ដំ ណាច់ឆ្នាំ២០២៤ ។ ជាលទ្ធផល ប្រព័ន្ធធានាគារ មានសាច់ប្រាក់បន្ថែម ប្រមាណ១ពាន់លានដុល្លារអាមេរិក បានបញ្ចេញទៅក្នុងសេដ្ឋកិច្ច ។

សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ការធ្វើបែបនេះ ដើម្បីជួយសម្រួលនូវលំហូរ ផ្នែកសេដ្ឋកិច្ច ធនាគារជាតិ នៃកម្ពុជា បានសម្រេចអនុញ្ញាតឲ្យបន្តគោលការណ៍នេះ រហូតដល់ចុងឆ្នាំ២០២៥ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner