រាជរដ្ឋាភិបាល បាននិងកំពុងសម្របសម្រួលដោះស្រាយគម្រោងអភិវឌ្ឍអចលនទ្រព្យដែលកំពុងមានបញ្ហា ដោយឈរលើគោលការណ៍សម្របសម្រួល និងច្បាប់
ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងខិតខំសម្របសម្រួលដោះស្រាយគម្រោងអភិវឌ្ឍអចលនទ្រព្យដែលកំពុងមានបញ្ហា ដោយឈរលើគោលការណ៍សម្របសម្រួល និងច្បាប់ ដើម្បីស្វែងរកច្រកចេញក្នុងគ្រាលំបាក ។
ក្នុងឱកាសអញ្ជើញថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា៖ ចំពោះវិស័យសំខាន់ៗដែលជម្រាបជូនបងប្អូន ក្នុងនោះ មានវិស័យអចលទ្រព្យនៅក្នុងវេទិការរាជរដ្ឋាភិបាល វិស័យឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងមក ខ្ញុំបានសម្រេចផ្ដល់គោលការណ៍លើកទឹកចិត្តពន្ធដារក្នុងវិស័យអចលនទ្រព្យ ដែលបានកាត់បន្ថយបន្ទុកចំណាយបងប្អូន ដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ប្រជាពលរដ្ឋដែលជាម្ចាស់អចលនទ្រព្យ ដែលក្នុងនោះរួមមាន ទី១-ការលើកលែងពន្ធលើចំនេញមូលធនលើអចលនទ្រព្យ, ទី២- ការអនុញ្ញាតការបង់ពន្ធជាកញ្ចប់ តាមគម្រោងដល់ក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ និងទី៣ ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ដែលមានតម្លៃថ្លៃក្រោម ឬ ស្មើ ប្រាំពីរម៉ឺនដុល្លារ ដោយគោលការណ៍លើកទឹកចិត្តនេះ នឹងត្រូវផុតកំណត់នៅដំណាច់ឆ្នាំ២០២៤ ហើយតាមការពិគ្រោះយោបល់ជាមួយនិងវិស័យអចលនទ្រព្យ រាជរដ្ឋាភិបាលបានសម្រេចបន្ត អនុវត្តន៍គោលការណ៍លើកទឹកចិត្តនេះរហូតដល់ដំណាច់ឆ្នាំ២០២៥ ។
ជាមួយគ្នានេះ សម្ដេចបានបញ្ជាក់ថា សម្ដេចបានណែនាឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យលើគោលការណ៍លើកទឹកចិត្តផ្សេងទៀត សម្រាប់វិស័យអចលនទ្រព្យ ដែលនឹងត្រូវផុតកំណត់ ដើម្បីពិនិត្យលទ្ធភាពបន្តការអនុវត្តន៍ ពិគ្រោះក្នុងករណីចាំបាច់។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្រ្តី ក៏បានប្រកាសលើកលែងការយកពន្ធលើដីធ្លីមិនប្រើប្រាស់ សម្រាប់ដីក្រោម៥ហិកតា ក្នុងមួយកន្លែង ក្រោយពីបានមើលឃើញអំពីការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ លើបញ្ហាពន្ធដីធ្លី ។ ដូច្នេះមានន័យថា ប្រជាពលរដ្ឋដែលមានដី ក្នុង ៥ហិកតាចុះ គឺមិនមានការព្រួយបារម្ភនៅក្នុងការជាប់ពន្ធដីមិនប្រើប្រាស់នោះទេ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា៖ រាជរដ្ឋាភិបាល អាណត្តិទី៧ តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងខិតខំសម្របសម្រួលដោះស្រាយគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដែលកំពុងមានបញ្ហា ដោយឈរលើគោលការណ៍សម្របសម្រួល និងច្បាប់ ដើម្បីស្វែងរកច្រកចេញក្នុងគ្រាលំបាក និងស្របតាមយុទ្ធសាស្រ្តឈ្នះ-ឈ្នះ ជាក់ស្ដែងក្នុងចំណោម៣៧គម្រោង ដែលមានបញ្ហាក្រសួងបានបញ្ចប់និតិវិធីនៅកម្រិតក្រសួងបានចំនួន ៩គម្រោង និងបន្តដោះស្រាយគម្រោងដែលនៅសេសសល់ ។
សម្ដេចក៏សូមយកឱកាសនេះ ថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលមានម្ចាស់បុរី ម្ចាស់បំណុល និងអតិថិជនទាំងអស់ដែលបានយោគយល់ និងផ្ដល់កិច្ចសហប្រតិបត្តិការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីព្យាយាមសម្របសម្រួលដោះស្រាយបញ្ហាដីធ្លីនេះ និងសូមគ្រប់ភាគីទាំងអស់បន្តចូលរួមដើម្បីឈានទៅរកដំណោះស្រាយបញ្ចប់នៅពេលខាងមុខ ។
សូមជម្រាបថា ចាប់ឆ្នាំ២០១៦ ដល់ខែសីហា ឆ្នាំ២០២៤ រដ្ឋ ទទួលបានបណ្តឹង ១.៦ម៉ឺនករណី ពាក់ព័ន្ធនឹងបញ្ហាដីធ្លី ក្នុងនោះដោះស្រាយបានចំនួន១.៤ម៉ឺនករណី ៕
ដោយ ៖ វណ្ណលុក
