លោក Elon Musk យល់ព្រមបម្រើរដ្ឋាភិបាល បើលោក Trump ជាប់ឆ្នោត

វ៉ាស៊ីនតោន៖ លោក Elon Musk បានបង្ហាញពីឆន្ទៈក្នុងការកាន់តំណែងជាមួយរដ្ឋាភិបាលអាមេរិក ប្រសិនបើបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ជាប់ឆ្នោតជាប្រធានាធិបតី។

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហោះសារនៅលើបណ្តាញសង្គម X នាពេលថ្មីៗនេះ ដោយបានផ្តល់សញ្ញាទៅកាន់លោក Trump វិញថា “ខ្ញុំស្ម័គ្រចិត្តទទួលយក”។

ការបង្ហោះសារបែបនេះរបស់លោក Musk កើតឡើងបន្ទាប់ពីលោក Donald Trump បានថ្លែងប្រាប់កាសែតរ៉យទ័រ កាលពីថ្ងៃចន្ទថា មហាសេដ្ឋីបចេ្ចកវិទ្យាអាមេរិករូបនេះ ជា “បុរសឆ្លាតវៃម្នាក់” ហើយថា លោកប្រាកដជានឹងតែងតាំងលោក Musk ឱ្យធ្វើជាទីប្រឹក្សា បើសិនគាត់យល់ នោះលោកប្រាកដជានឹងធ្វើរឿងនេះ។

កាលពីសប្តាហ៍មុន លោក Musk បានធ្វើបទសម្ភាសន៍ផ្ទាល់មួយជាមួយលោក Trump នៅលើវេទិកាបណ្តាញសង្គម X។ នៅចំណុចមួយក្នុងអំឡុងការសន្ទនានោះ លោក Musk បានអំពាវនាវដល់បេក្ខជនប្រធានាធិបតី ឱ្យបង្កើត “គណៈកម្មាការប្រសិទ្ធភាពរបស់រដ្ឋាភិបាល” ដើម្បីធានាថា ប្រាក់អ្នកជាប់ពន្ធត្រូវបានចំណាយកាន់តែប្រសើរ។ លោក Trump បានឆ្លើយតបថា លោក Musk នឹងធ្វើបានល្អសម្រាប់តួនាទីនេះ។

បន្ទាប់ពីមានការប៉ុនប៉ងធ្វើឃាតលើលោក Trump កាលពីខែមុន លោក Musk បានបង្ហាញការគាំទ្រជាសាធារណៈដល់អតីតប្រធានាធិបតីអាមេរិករូបនេះ ដោយបានបង្ហោះសារនៅលើបណ្តាញសង្គម X ថា “ខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះលោកប្រធានាធិបតី Trump ហើយសង្ឃឹមថា គាត់នឹងឆាប់ជាសះស្បើយយ៉ាងឆាប់រហ័ស។ ទន្ទឹមគ្នា លោក Musk ក៏បានប្រកាន់ជំហររិះគន់កាន់តែខ្លាំងឡើង ចំពោះប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Joe Biden ក្នុងពេលប៉ុន្មានខែថ្មីៗនេះផងដែរ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner