នាវាចម្បាំងអាមេរិកគ្រឿងទីពីរទៅដល់មជ្ឈិមបូព៌ា
វ៉ាស៊ីនតោន៖ នាវាចម្បាំងផ្ទុកយន្តហោះ USS Abraham Lincoln បានធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ាហើយ ចំពេលមានការព្រួយបារម្ភពីការផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។
នាវាចម្បាំងផ្ទុកយន្តហោះ USS Abraham Lincoln បានទៅដល់តំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃព្រហស្បតិ៍ ដើម្បចូលរួមជាមួយនាវាផ្ទុកយន្តហោះ USS Theodore Roosevelt ដែលអាមេរិកបានដាក់ពង្រាយនៅទីនោះរួចហើយ។
ទីបញ្ជាការកណ្តាលអាមេរិកបានបង្ហោះសារនៅលើបណ្តាញសង្គម X ថា នាវាចម្បាំង USS Abraham Lincoln បានដឹកយន្តហោះចម្បាំង F-35 និង F-18 នៅលើនោះ ហើយក៏កំពុងអមដំណើរជាមួយកងនាវាពិឃាតផងដែរ។
មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានបញ្ជូនកងកម្លាំងប្រដាប់អាវុធទៅកាន់តំបន់មជ្ឈិបូព៌ាកាលពីដើមខែនេះ បន្ទាប់ពីការធ្វើឃាតប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក Ismail Haniyeh នៅទីក្រុងតេហេរ៉ង់ និងមន្ត្រីជាន់ខ្ពស់ក្រុមហេសបូឡា លោក Fuad Shukr ក្នុងទីក្រុងបេរូ។
អ៊ីស្រាអែលបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដែលបានសម្លាប់លោក Shukr ប៉ុន្តែមិនបានបញ្ជាក់ ឬបដិសេធការជាប់ពាក់ព័ន្ធនឹងការស្លាប់របស់លោក Haniyeh ឡើយ។
ស្របពេលជាមួយគ្នានោះដែរ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួយបារម្ភថា អ៊ីរ៉ង់អាចនឹងសងសឹកអ៊ីស្រាអែលវិញ តាមរយៈការធ្វើការរួមគ្នាជាមួយក្រុមប្រដាប់អាវុធគាំទ្រប៉ាឡេស្ទីនផ្សេងៗ រួមទាំងក្រុមហេសបូឡា និងក្រុមហ៊ូទីរបស់យេម៉ែន៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា


