ជប៉ុនបំបែកកំណត់ត្រាចំនួនទេសចរបរទេស ២ខែជាប់គ្នា

តូក្យូ៖ ទិន្នន័យផ្លូវការរបស់អង្គការទេសចរណ៍ជាតិជប៉ុន ហៅកាត់ JNTO បានបង្ហាញថា កាលពីខែកក្កដា ប្រទេសមួយនេះ បានស្វាគមន៍ភ្ញៀវទេសចរបរទេស ចំនួន៣លាន២៩ម៉ឺននាក់ ដែលជាកំណត់ត្រាប្រចាំខែ ទីពីរ ជាប់ៗគ្នា ខណៈដែលខ្លួនងាកទៅរកវិស័យទេសចរណ៍ សម្រាប់កំណើនសេដ្ឋកិច្ច។

JNTO បានឱ្យដឹងថា ចំនួនទេសចរបរទេស ក្នុងខែកក្ដដា កើនឡើង ជិត៤២ភាគរយ បើធៀបនឹងខែកក្កដា ឆ្នាំមុន។ បើធៀបនឹងខែកក្កដា ឆ្នាំ២០១៩ ជាពេលមុនផ្ទុះកូវីដ១៩ ក៏មានកំណើន ជាង១០ភាគរយផងដែរ។ កាលពីខែមិថុនា ជប៉ុនបានបំបែកកំណត់ត្រាផងដែរ ប៉ុន្តែ ទទួលបានភ្ញៀវទេសចរណ៍បរទេស ត្រឹម៣លាន១៣ម៉ឺននាក់។

JNTO បាននិយាយទៀតថា ការចាប់ផ្តើមរដូវវិស្សមកាលបានជំរុញឱ្យមានតម្រូវការធ្វើដំណើរ ទៅកាន់ប្រទេសជប៉ុន។ ទេសចរច្រើនជាងគេ គឺមានមកពីប្រទេសចិន។ បន្ទាប់មក គឺកូរ៉េខាងត្បូង ពីហ្វីលីពីន និងអាមេរិក ផងដែរ។

ប្រភពបានបន្ថែមទៀតថា ការបង្កើនជើងហោះហើរត្រង់ ពីទីផ្សារប្រទេសធំៗ បានជួយរួមចំណែកដល់កំណត់ត្រាខែកក្កដា។ ប្រាក់យេនធ្លាក់ថ្លៃ ក៏បានចូលរួមជំរុញ ភ្ញៀវទេសសចរ មកពីជុំវិញពិភពលោក ធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដោយអាជីវកម្មជាច្រើន ពឹងផ្អែកលើការចំណាយ របស់អ្នកទេសចរ រាប់ចាប់ពីស្ករគ្រាប់ រហូតដល់ សម្លៀកបំពាក់ប្រពៃណីជប៉ុន kimono នេះបើប្រភពដដែល។

ប្រទេសជប៉ុន បានដាក់គោលដៅ ទទួលស្វាគមន៍ភ្ញៀវទេសចរបរទេស ឲ្យបានដល់ ចំនួន ៣៥លាននាក់ នៅឆ្នាំ២០២៤នេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner