អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា សហការគ្នា​ក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់និស្សិតមហាវិទ្យា បុរាណវិទ្យាកម្ពុជា

ភ្នំពេញ៖អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា​ប្រទេស​ជប៉ុន សហការគ្នាក្នុងការបណ្តុះបណ្តាលធនធានមនុស្ស​ផ្នែក​កំណាយស្រាវជ្រាវបុរាណវិទ្យា ដើម្បីចែករំលែកចំណេះដឹង និងជា​ការបន្តវេនដល់មនុស្សជំនាន់ក្រោយ។

អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះថា​ ក្នុងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ផ្នែកកំណាយ​ស្រាវជ្រាវនេះ គឺអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា បានធ្វើកំណាយស្រាវជ្រាវរួមគ្នានៅខាងក្នុង​កំពែងរបស់ប្រាសាទ​បន្ទាយក្តី លើទួលបុរាណ សិក្សាអំពីរចនាសម្ពន្ធរបស់ទួល និងទំនាក់​ទំនងជាមួយកំពែងប្រាសាទ។ កំណាយស្រាវជ្រាវបុរាណវិទ្យានេះ ចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២៤។

និស្សិតមហាវិទ្យាល័យបុរាណវិទ្យា ឆ្នាំទី៣នៃសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ កញ្ញា កែវ ឈន់លីលី ដែលបានចូល​រួមធ្វើ​កំណាយ បានឱ្យដឹងថា នេះជាឆ្នាំទី២ហើយ ដែលមានឱកាសចូលរួមធ្វើ​កំណាយស្រាវជ្រាវនៅតំបន់អង្គរ។ និស្សិតដដែលបញ្ជាក់ថា ការចូល​រួមធ្វើកំណាយស្រាវជ្រាវ គឺពិតជាមានសារសំខាន់ណាស់បាន​ផ្តល់នូ​វចំណេះដឹង និងបទពិសោធន៍ជាច្រើនបន្ថែមពីលើការ​សិក្សាទ្រឹស្តី​នៅក្នុងសាលា។

ចំណែកនិស្សិតបុរាណវិទ្យាឆ្នាំទី២ មួយរូបទៀត លោក ឡាំ យសោធរ ឱ្យដឹងថា នេះជាលើកដំបូងសម្រាប់រូបលោក ដែលបានចុះ​អនុវត្តមក​ធ្វើកំណាយស្រាវជ្រាវនៅតំបន់អង្គរ។ និស្សិតរូបនេះ បញ្ជាក់ថា ការចុះ​មកអនុវត្តផ្ទាល់នៅការដ្ឋាន​កំណាយបានធ្វើឱ្យ​រូបលោក បានយល់ដឹង​ពីរបៀបបែងចែករណ្តៅកំណាយ ការដៅចំណុចរណ្តៅនីមួយៗ របៀប​កំណាយ ការកត់ត្រា ការបែកចែក​ស្រទាប់ដី និងរៀបចំឯកសារជា​ដើម។ បង្កើនការយល់ដឹងផ្នែកស្រាវជ្រាវបុរាណវិទ្យា ទទួលបាននូវ​បទពិសោធន៍ ចំណេះដឹងថ្មីៗ​ក្នុង​ការពង្រឹងសមត្ថភាពលើការសិក្សា និងទៅថ្ងៃអនាគត៕
ដោយ៖ដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner