ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណដល់សមាជិក សមាជិកា ស.ស.យ.ក ទូទាំងប្រទេសដែលបានគាំទ្រព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃព្រែកជីកហ្វូណនតេជោ និងកិច្ចសហប្រតិបត្តិការ CLV

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែងអំណរគុណដល់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស ដែលក្នុងដំណាក់កាលចុងក្រោយនេះ គឺបានចូលរួមចំណែកទាំងស្មារតី កម្លាំង ហើយជាពិសេសនៅការបង្ហាញអារម្មណ៍គាំទ្រទៅលើព្រឹត្តិការណ៍ផ្សេងៗ ជាពិសេសព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃព្រែកជីកហ្វូណនតេជោ គូបផ្សំទៅនឹងអ្វីដែលជាការបង្ហាញនៃការគាំទ្រចូលរួមផ្សព្វផ្សាយដើម្បីលុបបំបាត់ និងបន្សាបទៅលើការញុះញង់របស់ជនអគតិមួយចំនួនក្នុងការប៉ុនប៉ង មានការមួលបង្កាច់ទៅលើរាជរដ្ឋាភិបាលចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នាពេលកន្លងមក។ ដែលយើងអាចនិយាយបានថាឱ្យមានការមន្ទិលសង្ស័យទៅលើការសម្រេចចិត្តដែលមានភាពត្រឹមត្រូវ ហើយនៅក្នុងគោលដៅនៃការអភិវឌ្ឍន៍ប្រទេសជាតិ។ ជាពិសេសខេត្តទាំង៤ នៅតាមបន្ទាត់ព្រំដែនរបស់យើង។

ការថ្លែងអំណរគុណនេះ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយទស្សនទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ (UYFC 2.0) នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។ សិក្ខាសាលានេះ មានការចូលរួមពីសមាជិក សមាជិកា របស់សហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស។

ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា លើសពីពេលណាៗទាំងអស់ ពេលនេះ ម៉ោងនេះ ហើយនឹងឆ្ពោះទៅមុខបន្ថែមទៀត សំឡេងតែមួយសាមគ្គីភាពដ៏រឹងមាំ និងការចេញឱ្យបានព្រមៗគ្នានៅមតិយោបល់នៃការគាំទ្រពិតជាមានសារៈសំខាន់។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ការជួបជុំគ្នានៅក្នុងរង្វង់ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ជាការបញ្ជូនសារមួយដ៏ធំទៅលើការរួបរួមសាមគ្គីរបស់ក្រុមគ្រួសារយើងក្រោមម្លប់នៃសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលផ្តល់ជាបរិយាកាសឲ្យព្រះរាជាណាចក្រកម្ពុជាអាចវិវត្តទៅមុខមន្ថែមទៀត។ មិនថាក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាជាសមាជិក សមាជិកា នៃស.ស.យ.ក ផង តែក៏ជាប្រជាពលរដ្ឋខ្មែរដែលជ្រើសរើសនិងជឿជាក់លើព្រះរាជាណាចក្រកម្ពុជា ហើយជ្រើសរើសចូលរួមគាំទ្ររាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភាផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមឯកឧត្តម ហ៊ុន ម៉ានី

ads banner