អាជ្ញាធរជាតិអប្សរារៀបចំកម្រាលផ្លូវដើរសម្រាប់ភ្ញៀវទស្សនាប្រាសាទ និងថតរូបនៅស្រះទឹកខាងមុខប្រាសាទអង្គរវត្ត

ភ្នំពេញ៖អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ក្រុមការងាត្រួតពិនិត្យសេវា​កម្ម​ទេសចរណ៍ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃ​អាជ្ញាធរ​ជាតិអប្សរា កំពុងដំណើរការរៀប​ចំ​ធ្វើកម្រាលផ្លូវដើរ សម្រាប់​ភ្ញៀវទេសចរដើរទស្សនា និងថតរូបនៅស្រះ​ទឹកខាង​មុខ​ប្រាសាទ​អង្គរវត្ត។កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤អាជ្ញាធរជាតិអប្សរាក៏​បាន​ចេញសេចក្តីជូនដំណឹងស្តីពីការកែសម្រួលពេលវេលា​បើក បិទ ទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ។

អាជ្ញាធរជាតិអប្សរាបានបញ្ជាក់នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤​ថា គោលដៅចម្បង នៃការរៀបចំកម្រាលខាងលើ ដើម្បី​សម្រួលដល់​ទេសចរធ្វើដំណើរមកថតរូបនៅ​បរិវេណ​ស្រះទឹក​នៃប្រាសាទអង្គរកាន់​ងាយស្រួល រក្សាបាននូវសោភណភាព ជាពិសេស​រដូវវស្សាមានភ្លៀង​ធ្លាក់ញឹកញាប់ ការពារកំណកដីឬភក់​ប្រឡាក់​ជាប់ស្បែកជើងនាំ​ទៅដល់ស្ពានហាល និងកាត់បន្ថយភាពសឹក​រិចរឹល​របស់​ថ្មជាដើម។

លោក នូ វុទ្ធី ក្រុមការងាត្រួតពិនិត្យសេវាកម្មទេសចរណ៍ នាយកដ្ឋាន​អភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរាបាន​បញ្ជាក់ថា នេះជាដំណាក់កាលទី៤ហើយ ដែលអាជ្ញាធរជាតិអប្សរា បានរៀបចំ​កម្រាល​ផ្លូវដើរ សម្រួលដល់ទេសចរធ្វើ​ដំណើរ​ចូលមកទស្សនាប្រាសាទ​អង្គរវត្ត។ កម្រាលផ្លូវដើរនេះ ពេលរៀបចំរួចរាល់ ធ្វើឱ្យភ្ញៀវងាយស្រួល​ដើរទស្សនាប្រាសាទ កាត់បន្ថយ​ការនាំយកកំណកដីជាប់ជាមួយ​ស្បែកជើងឡើងទៅខាងលើនៃស្ពានហាលនិងប្រាសាទ។ ម្យ៉ាងទៀត ក៏ដើម្បីគ្រប់គ្រង​លំហូរ​របស់ភ្ញៀវទេសចរឱ្យសមរម្យ ចៀសវាងភ្ញៀវ​ដើរនៅលើស្មៅ និងលើដី រក្សាបានរបៀបរៀបរយ និងរួមចំណែកលើក​កម្ពស់​សោភណភាពប្រាសាទអង្គរវត្ត ឱ្យមានភាពបៃតងគ្រប់រដូវ​កាល៕

ដោយ៖ដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner