កម្ពុជា អញ្ជើញផលិតករភាពយន្ត សិល្បករ សិល្បការិនីជាតិ និងអន្តរជាតិ ចូលរួមក្នុងកម្មវិធីមហោស្រពភាពយន្តកម្ពុជា អាស៊ី លើកទី២

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញផលិតករភាពយន្ត សិល្បករ សិល្បការិនីជាតិ និងអន្តរជាតិ ចូលរួមទស្សនាភាពយន្ត ក្នុងកម្មវិធី “មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី២” នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នៅរោងភាពយន្ត Legend នៃផ្សារទំនើបអូឡាំព្យារាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសដល់ផលិតករបានបញ្ចេញសមត្ថភាព និងជាព្រឹត្តិការណ៍ផ្សព្វផ្សាយនូវភាពចម្រុះនៃសិល្បៈវប្បធម៌ ព្រមទាំងរឿងរ៉ាវជាច្រើន តាមរយៈស្នាដៃភាពយន្តរបស់បណ្តាប្រទេសនានាក្នុងតំបន់អាស៊ី ដែលសកម្មភាពនេះ គឺបានរួមចំណែក ក្នុងការលើកកម្ពស់កិច្ចសន្ទនាវប្បធម៌ ពិសេស ក្នុងវិស័យភាពយន្តរវាងកម្ពុជា និងប្រទេសនានាក្នុងតំបន់អាស៊ី ព្រមទាំងជាការបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ ។

លោក Teddy Chen Director China មកពីទីក្រុងហុហកុង សាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា នេះគឺជាលើកទី២ ដែលលោកបានមកប្រទេសកម្ពុជា ខណៈលោកសង្កេតថា ភាពយន្តរបស់កម្ពុជា ល្អមែនទែន ហើយក៏មានការអភិវឌ្ឍជាងមុនច្រើន ជាពិសេសម្ហូបអាហារខ្មែរ មានរសជាតិឆ្ងាញ់ ។ លោកថា ការបង្កើតព្រឹត្តិការណ៍ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទីពីរនេះ គឺបានជួយដល់ផលិតកម្មខ្មែរច្រើន ហើយនៅពេលដែលគេ មើលឃើញពីភាពយន្តរបស់ខ្មែរ មានការអភិវឌ្ឍ អញ្ចឹងប្រទេសផ្សេង អាចនឹងដាក់ទុនចូលរួមធ្វើភាពយន្តជាមួយកម្ពុជា ឱ្យកាន់តែប្រសើរឡើង ។

លោកក៏បានផ្ដល់យោបល់ដល់ផលិតករ ភាពយន្តកម្ពុជា ដើម្បីផលិតភាពយន្ត ហើយអាចវាយលុក ចូលទៅកាន់ទីផ្សារអាស៊ាន ក៏ដូចជាទីផ្សារពិភពលោកបាន ដោយទី១-នៅពេលយើងថតកុនរឿងមួយ ត្រូវយកចេញ ពីចិត្តពីបេះដូង ហើយពិសេសនោះ គឺ ការយកចិត្ត របស់ទស្សនិកជន ហើយប្រសិនបើផលិតករភាពយន្ត របស់កម្ពុជា អាចធ្វើដូចនេះបាន នោះភាពយន្តរបស់កម្ពុជា នឹងអាចវាយលុកទៅដល់ទីផ្សាររបស់ប្រទេសគេបានហើយ ។

សូមជម្រាបថា មហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី២នេះ សហការរៀបចំដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជា-អាស៊ី។ តាមការគ្រោងទុកមហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី២ ចាក់បញ្ចាំងភាពយន្ត ដែលចូលរួមការប្រកួតនៅតាមរោងភាពយន្តសហការមួយចំនួន ចាប់ពីថ្ងៃ២៣ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner