ឆេះនាវាដឹកប្រេងឆៅជាង១០ម៉ឺនតោន ក្រោយរងការបាញ់មីស៊ីល

បរទេស៖ ក្រុមឧទ្ទាម Houthi នៅប្រទេសយេម៉ែន កាលពីថ្ងៃសៅរ៍ បានបញ្ចេញរូបភាពវីដេអូ នៃការវាយប្រហារ ដោយការបាញ់មីស៊ីល លើនាវាដឹកប្រេងឆៅ ជាង១០ម៉ឺនតោន របស់ក្រុមហ៊ុន Sounion ដែលមានទង់ជាតិ ប្រទេសក្រិក នៅឯសមុទ្រក្រហម។

ទីភ្នាក់ងារសន្តិសុខដែនសមុទ្រអង់គ្លេស ហៅកាត់ UKMTO បាននិយាយថា មីស៊ីលចំនួនបីគ្រាប់ បានវាយប្រហារលើនាវាពាណិជ្ជកម្មមួយគ្រឿង ដោយបាញ់ចេញពីទីក្រុងកំពង់ផែ Hodeida ដែលគ្រប់គ្រងដោយពួកឧទ្ទាម Houthi កាលពីថ្ងៃទី ២១ ខែសីហា បណ្តាលឱ្យមានភ្លើងឆេះ កប៉ាល់។

យោងតាមបេសកកម្មកងទ័ពជើងទឹក ប្រចាំសមុទ្រក្រហម របស់សហភាពអឺរ៉ុប បានឲ្យដឹងថា កប៉ាល់មួយគ្រឿងនេះ បានចាកចេញពីប្រទេសអ៊ីរ៉ាក់ ហើយមានទិសដៅទៅកាន់កំពង់ផែក្បែរទីក្រុង Athens ប្រទេសក្រិច ដោយបានដឹកប្រេងឆៅ ចំនួន១៥ម៉ឺនតោន។

ក្រុមទាហានជើងទឹកសហភាពអឺរ៉ុប ដែលត្រូវបានបង្កើតឡើង ក្នុងខែកុម្ភៈ ដើម្បីការពារនាវាពាណិជ្ជករនៅសមុទ្រក្រហមពីការវាយប្រហារដោយពួកឧទ្ទាមហ៊ូធី បានជួយសង្គ្រោះសមាជិកនាវិក ចំនួន២៥នាក់ ដោយទុកកប៉ាល់ទុកចោល។ ប៉ុន្តែ មិនបានបញ្ជាក់ថា តើកប៉ាល់មួយគ្រឿងនេះ ត្រូវបាននាំយកទៅទីណា នោះទេ។

នេះគឺជាការវាយប្រហារចុងក្រោយបំផុត របស់ពួកហ៊ូធី ដែលបន្តធ្វើព្យុះភ្លៀង រំខានការដឹកជញ្ជូន ដែលពួកគេចោទថា មានទាក់ទងនឹងអ៊ីស្រាអែល នៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ។ ពួកឧទ្ទាមនិយាយថា យុទ្ធនាការរបស់ពួកគេ គឺមានបំណងបង្ហាញការគាំទ្រដល់ប៉ាឡេស្ទីន ក្នុងសង្គ្រាម រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner