មេធំ Telegram ត្រូវបានចាប់ខ្លួន

បរទេស៖ ប្រភពបានប្រាប់ AFP ថា នាយកប្រតិបត្តិបណ្តាញសង្គមរុស្ស៊ី Telegram លោក Pavel Durov ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅតុលាការ នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីត្រូវបានចាប់ខ្លួន ដោយប៉ូលីសបារាំង នៅឯអាកាសយានដ្ឋានក្បែរទីក្រុងប៉ារីស ពីបទប្រព្រឹត្តបទល្មើស ទាក់ទងនឹងកម្មវិធីផ្ញើសារដ៏ពេញនិយម Telegram។

ប្រភពមួយបាននិយាយ ក្នុងលក្ខខណ្ឌ សុំមិនបញ្ចេញឈ្មោះថា មហាសេដ្ឋីបារាំង-រុស្ស៊ី អាយុ ៣៩ ឆ្នាំ រូបនេះ ត្រូវបានឃុំខ្លួន នៅព្រលាន Le Bourget កាលពីល្ងាចថ្ងៃសៅរ៍។ ប្រភពមួយផ្សេងទៀតដែលជិតស្និទ្ធនឹងករណីនេះ បាននិយាយថា លោក Durov បានចាកចេញមកពីទីក្រុង Baku ក្នុងប្រទេស Azerbaijan មុនពេលចាប់ខ្លួន។

ប្រភពមួយបាននិយាយថា ការិយាល័យ OFMIN របស់ប្រទេសបារាំង ដែលមានភារកិច្ចទប់ស្កាត់អំពើហិង្សាលើអនីតិជន បានចេញដីកា ចាប់ខ្លួនលោក Durov ក្នុងការស៊ើបអង្កេតបឋម លើបទល្មើសដែលត្រូវបានចោទប្រកាន់នាន រួមមានការក្លែងបន្លំ ការជួញដូរគ្រឿងញៀន ការគំរាមកំហែងតាមអ៊ីនធឺណិត ឧក្រិដ្ឋកម្មរៀបចំ និងការផ្សព្វផ្សាយភេរវកម្ម។

លោក Durov ត្រូវបានគេចោទប្រកាន់ថា មិនបានចាត់វិធានការ ទប់ស្កាត់ការប្រើប្រាស់ទម្រង់ឧក្រិដ្ឋកម្ម បែបនេះ នៅវេទិកាបណ្តាញសង្គម របស់លោក នោះទេ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner