ភ្លៀងបង្កជាទឹកជំនន់ភ្លាមៗនៅតំបន់ឆ្នេរឥណ្ឌូនេស៊ី ស្លាប់យ៉ាងតិច ១៣នាក់
ហ្សាកាតា៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី បាននិយាយថា មនុស្សយ៉ាងតិច ចំនួន១៣នាក់បានស្លាប់ បន្ទាប់ពីទឹកជំនន់ភ្លាមៗ ឬ Flash Flood វាយប្រហារភាគខាងកើតប្រទេស រួមមានទាំងតំបន់ឆ្នេរសមុទ្រ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃអាទិត្យ។
គេជឿថា នៅមានមនុស្សបាត់ខ្លួនមួយចំនួនទៀត។ ក្រុមអ្នកជួយសង្គ្រោះត្រូវបានគេដាក់ពង្រាយ ទៅកាន់ទីក្រុងឆ្នេរសមុទ្រ នៅលើកោះ Halmahera ដើម្បីស្វែងរកជនរងគ្រោះដែលបាត់ខ្លួន ប៉ុន្តែ អាកាសធាតុអាក្រក់ បានរារាំងខ្លាំងដល់ប្រតិបត្តិការ រុករក។
ទឹកជំនន់បានកាត់ផ្តាច់ផ្លូវធំ និងផ្លូវចូល ទៅកាន់ភូមិ Rua ដែលជាតំបន់រងគ្រោះខ្លាំងបំផុត ខណៈដែលផ្ទះ និងអគាររាប់សិបខ្នង បានកប់ នៅក្រោមភក់។
ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ និយាយថា ភ្លៀងធ្លាក់ខ្លាំង នៅតែអាចកើតមាន ទីនោះ និងតំបន់ជុំវិញ នៅថ្ងៃខាងមុខ។ អាជ្ញាធរមូលដ្ឋានបានណែនាំឲ្យប្រជាពលរដ្ឋ រក្សាការប្រុងប្រយ័ត្ន និងគោរពតាមការណែនាំ ក្នុងករណីមានទឹកជំនន់ បន្តទៀត។
គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យមានការបាក់ដី ជាញឹកញាប់ និងទឹកជំនន់ភ្លាមៗ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈដែលមនុស្សរាប់លាននាក់រស់ នៅក្នុងតំបន់ភ្នំ និងនៅជិតតំបន់ទំនាប លិចទឹក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត