ព្រះធម្មវនវាសី ចន្ទ មុនី បាននិមន្តទស្សនៈកិច្ចតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ
ខេត្តឧត្ដរមានជ័យ៖ នៅចុងសប្ដាហ៍នេះ ព្រះធម្មវនវាសី ចន្ទ មុនី បាននិមន្តទស្សនៈកិច្ចក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ ដោយអមដំណើរដោយឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្ត ដើម្បីសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន។
បន្ទាប់ពីការសម្តែងធម្មទេសនាអប់រំចិត្តក្នុងវត្តជ័យទឹកជុំ នៅស្រុកអន្លង់វែង ព្រះអង្គបានបន្តនិមន្តទៅពិនិត្យផ្ទាល់ទីតាំងបង្គោលព្រំដែនទី១ រវាងខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ។
ក្នុងនោះ ប្រជាពលរដ្ឋដែលមានជំនឿលើព្រះអង្គជាច្រើននាក់ទាំងនៅតាមដងផ្លូវ បាននាំគ្នាយកគ្រឿងឧបភោគបរិភោគ រួមមាន៖ ទឹកបរិសុទ្ធ ទៀន ធូប និងគ្រឿងបរិក្ខាផ្សេងៗ មកអង្គុយចាំទទួលព្រះធម្មវនវាសី ចន្ទ មុនី នៅតាមផ្លូវនៃខេត្តជាប់ព្រំដែនមួយនេះ ។
ព្រះសង្ឃ និងប្រជាពលរដ្ឋនៅខេត្តឧត្ដរមានជ័យ ដែលរង់ចាំទទួលការនិមន្តទស្សនកិច្ច ក៏បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ ដែលព្រះអង្គបាននិមន្តមកទស្សនកិច្ចនៅតាមបង្គោលព្រំដែន។
ការទទួលដំណើរទស្សនកិច្ចរបស់ព្រះអង្គយ៉ាងច្រើនកុះករ បានបង្ហាញពីការរស់នៅយ៉ាងសុខសាន្ត ក្រោមម្លប់សុខសន្តិភាព ដែលកំពុងមាន និងបន្តចង់បានពីសំណាក់បងប្អូនប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ ដូចគ្នាជាមួយប្រជាពលរដ្ឋរស់នៅខេត្តជាប់ព្រំដែនដទៃទៀត ក៏ដូចជាខេត្តជាប់ព្រំដែនទាំង៤ ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី នៃតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV-DTA៕
ប្រភព ៖ ខេត្តឧត្ដរមានជ័យ