ខេត្តកំពង់ចាម ខ្វះតែមួយទៀតមានអនុវិទ្យាល័យគ្រប់ឃុំ សង្កាត់​ទូទាំងខេត្ត

អត្ថបទដោយ៖
លី ពៅ

កំពង់ចាម​៖ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ កាលពី​ថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៤បានគូសបញ្ជាក់អំពីសមិទ្ធផល លើវិស័យ​អប់់រំរបស់ខេត្ត​កំពង់ចាម​ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី​និងបន្តដឹកនាំ ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងក្រោមដំបូលសន្តិភាព។ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្នខេត្ត​មាន​គ្រឹះស្ថាន​​សិក្សាចំនួន ៥៤២កន្លែង ,ឃុំ-សង្កាត់មួយមាន អនុវិទ្យាល័យ​មួយកន្លែងចំនួន ១០៨ឃុំ-សង្កាត់ លើ១០៩ឃុំសង្កាត់ ស្មើនឹង៩៩​ភាគរយ​ ។

ការបញ្ជាក់នេះនៅក្នុងពិធីសម្ពោធអគារសិក្សាមួយខ្នង កម្ពស់​ពីរជាន់ មាន១០បន្ទប់​ នៅវិទ្យាល័យល្វា ក្នុងឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោក ជំទាវបណ្ឌិត​ ក្រោម​អធិបតីភាពឯកឧត្តមឧត្តម សេនីយ៍ឯក ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានបន្តថា​ ខេត្តកំពង់ចាម មានបុគ្គលិក​សិក្សាចំនួន ៧.៦៣៥នាក់ ស្រី ៤.២១៧ នាក់ ។មានអគារសិក្សាចំនួន ១.២២៩ខ្នង ស្មើនឹង ៧.០៣៦បន្ទប់ ក្នុងនោះអគារសិក្សា ទីចាត់ការ និងអគារស្នាក់នៅដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ៣៨៤ខ្នង ស្មើនឹង ២.៤៣១បន្ទប់ (អគារកម្ពស់ ៣ជាន់ មានចំនួន ១៦ អគារ) រួមនឹងទីចាត់ការ ២៣ខ្នង អគារកាត់ដេរចំនួន ១២ខ្នង។​
ដោយឡែកនៅស្រុកព្រៃឈរ មានសាលារៀន ចំនួន ៧៨កន្លែង ក្នុងនោះ​បឋមសិក្សាចំនួន ៥៩កន្លែង អនុវិទ្យាល័យ មាន ១២កន្លែង វិទ្យាល័យ​មាន ៥កន្លែង និងមត្តេយ្យសិក្សាសាធារណៈ ចំនួន ២កន្លែង។ អគារសិក្សាមានចំនួន ២១៤ខ្នង ស្មើនឹងចំនួន ៩៧៩បន្ទប់ ។

ថ្លែង​ក្នុង​ឱកាសនោះ​ដែរ​ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត​ បាន​នាំ​​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរសុខទុកពី​សំណាក់​សម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ក៏ដូចជា​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក​ជំទាវបណ្ឌិត​ ជូន​ចំពោះ​លោកយាយ​ លោកតា​ ក៏ដូចជា​បងប្អូន​ប្រជាពល​រដ្ឋ​ ដែល​បានអញ្ជេីញ​មក​ចូលរួម​សម្ពោធ​សមិទ្ធផល​ថ្មី​នេះ​ ។

ឯកឧត្តមឧត្តមសេនីយ៍ឯក​​​​ ក៏បាន​ថ្លែង​នូវ​​ការ​កោតសរសើរ​ចំពោះ​អាជ្ញាធរ​ខេត្តកំពង់ចាម​ ដែល​បាន​រួមគ្នា​ធ្វើ​ការ​អភិវឌ្ឍន៍​គ្រប់​វិស័យ​ក្នុង​ខេត្ត​ ឱ្យ​​មាន​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ ជាក់ស្ដែង​ការ​ចូលរួម​កសាង​នូវអគារសិក្សា​នាពេលនេះជាដើម៕


ដោយ៖លី ពៅ

ads banner