សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ម៉ូតូ១៤គ្រឿងនិងប្រេងឥន្ធនៈដល់កងកម្លាំងចម្រុះការពារទប់ស្កាត់ ធនធានធម្មជាតិនៅខេត្តកំពង់ធំ
កំពង់ធំ៖ម៉ូតូ១៤គ្រឿងនិងប្រេងសាំង១.០០០លីត្រ ដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់និងបង្ក្រាប បទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ប្រគល់ជូនកងកម្លាំងចម្រុះទី បញ្ជាការស្រាលទាំង៧ក្នុងចំណោម១៤គោលដៅ កាលពីចុងសប្ដាហ៍នេះ។
មធ្យោបាយទាំងនេះសម្រាប់បម្រើឱ្យសកម្មភាព ក្នុងការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។អំណោយនេះទៀតសោតត្រូវបានផ្តល់ជូនតាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក ។
ក្នុងឱកាសប្រគល់សម្ភារៈឧត្តមសេនីយ៍ទោ សោម ស៊ុន បានរំលឹកបន្ថែមកងកម្លាំងចម្រុះទាំងអស់ត្រូវបន្តរួមគ្នាមិនដកថយ,ត្រូវការពារទប់ស្កាត់មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើជាថ្មីជាដាច់ខាត។ដោយឡែកផ្ទៃដីដែលក្រុមជនល្មើសលួចកាប់ទន្ទ្រាននិងត្រូវបានដកហូតកន្លងមក ត្រូវរក្សាការពារឱ្យបានល្អនិងមានវិធានការដាំស្ដារព្រៃឈើឡើងវិញបន្ថែមទៀត៕
ដោយ៖ ប៊ុន រដ្ឋា