ព្យុះទីហ្វុង Shanshan សំដៅទៅវាយប្រហារជប៉ុន
តូក្យូ : សារព័ត៌មានជប៉ុន NHK បានរាយការណ៍ថា ព្យុះទីហ្វុង Shanshan នឹងបោកបក់ពីភាគខាងលិចឆ្ពោះទៅភាគខាងកើតប្រទេសជប៉ុន ចាប់ពីថ្ងៃអង្គារសប្តាហ៍នេះ។
ព្យុះទីហ្វុង Shanshan ត្រូវបានគេរំពឹងថា នឹងបោកបក់ពីភាគខាងលិចទៅភាគខាងកើតប្រទេសជប៉ុន ចាប់ពីថ្ងៃអង្គារសប្តាហ៍នេះ ហើយភ្លៀងធ្លាក់ខ្លាំងអាចចាប់ផ្តើម សូម្បីតែមុនពេលព្យុះទីហ្វុងនេះខិតជិតមកដល់។
ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា គិតត្រឹមម៉ោង ៣រសៀលនេះ កាលពីថ្ងៃសៅរ៍ ព្យុះទីហ្វុង Shanshan កំពុងផ្លាស់ទីទៅភាគខាងជើងនៅលើផ្ទៃទឹកក្បែរកោះ Ogasawara។
ព្យុះនេះបានវិវត្តខ្លួនទៅជាព្យុះទីហ្វុងដ៏ខ្លាំងមួយដោយវាបានបោកបក់ក្នុងកម្លាំងខ្យល់អតិបរិមា ១២៦គីឡូម៉ែត្រក្នុងមួយម៉ោង ហើយគេរំពឹងថា វានឹងបង្កើនកម្លាំងបន្ថែមទៀតដល់ ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង។
ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្យាករណ៍ថា ព្យុះទីហ្វុងនេះនឹងវិវឌ្ឍន៍ ក៏ដូចជាឈានដល់កម្រិតខ្លាំងនៅក្រៅតំបន់ Shikoku នៅថ្ងៃអង្គារសប្តាហ៍នេះ ជាមួយនឹងកម្លាំងខ្យល់បោកបក់អតិបរមា ១៦២គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនឹងបង្កើនកម្លាំងបន្ថែមទៀតដល់ ២១៦គីឡូម៉ែត្រក្នុងមួយម៉ោង
ភាគខាងលិច និងភាគខាងកើតប្រទេសជប៉ុន ត្រូវបានគេរំពឹងថា អាចនឹងជួបប្រទះនូវលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ ដោយសារការធ្លាក់ភ្លៀង និងខ្យល់បោកបក់ខ្លាំងនៅថ្ងៃអង្គារ និងថ្ងៃពុធ។ អាកាសធាតុអាក្រក់ក៏អាចប៉ះពាល់ដល់ភាគខាងជើងប្រទេសជប៉ុនផងដែរ នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។
មានការរំពឹងទុកថា ព្យុះទីហ្វុង Shanshan អាចនឹងប៉ះពាល់ដល់ការដឹកជញ្ជូន និងបណ្តាលឱ្យផ្អាកសេវាកម្មជាច្រើនផ្សេងទៀត។ ទន្ទឹមគ្នា ប្រជាជនត្រូវបានណែនាំឱ្យបង្លើនលារប្រុងប្រយ័ត្ន និងបន្តតាមដានព័ត៌មានចុងក្រោយបំផុត៕
ប្រភព: NHK ប្រែសម្រួលដោយ : ឈឹម ទីណា