ក្រុម Hezbollah បាញ់រ៉ុក្តែតជាង ៣០០គ្រាប់កម្ទេចមូលដ្ឋានទ័ពអ៊ីស្រាអែល
ហ្គាហ្សា : ក្រុម Hezbollah បានបាញ់រ៉ុក្កែតជាង ៣២០គ្រាប់ប្រឆាំងនឹងមូលដ្ឋានទ័ពអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ។
ក្រុម Hezbollah មានមូលដ្ឋាននៅប្រទេសលីបង់ ប្រកាសថា ខ្លួនបានចាប់ផ្តើមបើកការវាយប្រហារទ្រង់ទ្រាយមិនធ្លាប់មានមួយប្រឆាំងនឹងមូលដ្ឋានទ័ពអ៊ីស្រាអែល។
ក្រុម Hezbollah បានប្រកាសបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ ក្រុម Hezbollah បាននិយាយថា ខ្លួនបានបាញ់រ៉ុក្កែតជាង ៣២០គ្រាប់ប្រឆាំងនឹងមូលដ្ឋានទ័ពអ៊ីស្រាអែល និងគោលដៅយោធាផ្សេងទៀត។
ក្រុម Hezbollah បានអះអាងថា ការវាយប្រហារនេះ គឺដើម្បីសងសឹកចំពោះការសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ខ្លួន ដោយការវាយប្រហារតាមដែនអាកាសរបស់អ៊ីស្រាអែលនៅទីក្រុងបេរូត កាលពីខែកក្កដា។
ស្របពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្រកាស “ស្ថានភាពពិសេសមួយ” ដោយអំពាវនាវឱ្យប្រជាជនក្នុងតំបន់រងគ្រោះបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំពីអាជ្ញាធរ។ ទន្ទឹមគ្នា អាកាសយានដ្ឋានអន្តរជាតិនៅជិតទីក្រុងពាណិជ្ជកម្មដ៏ធំបំផុតរបស់អ៊ីស្រាអែល Tel Aviv បានបិទដំណើរការជាបណ្តោះអាសន្ន។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari បាននិយាយថា យោធាបានដឹងថា ក្រុម Hezbollah នឹងរៀបចំបាញ់មីស៊ីល និងគ្រាប់រ៉ុក្កែត ឆ្ពោះទៅកាន់ទឹកដីអ៊ីស្រាអែល។ លោកបន្ថែម ថា ខ្លួនក៏ កំពុង វាយ ប្រហារ គោល ដៅ ក្នុង ប្រទេស លីបង់វិញផងដែរ ដែលនេះជាទង្វើ ការពារ ខ្លួន ដើម្បី លុប បំបាត់ ការ គំរាម កំហែង ទាំង នេះ៕
ប្រភព: NHK ប្រែសម្រួលដោយ : ឈឹម ទីណា