លីបង់លុបជើងហោះហើរ ក្នុងពេលអ៊ីស្រាអែល-ហេសបូឡាបង្កើនការវាយប្រហារ
បរទេស៖ នៅអាកាសយានដ្ឋាន Beirut ប្រទេសលីបង់ មានជើងហោះហើរជាច្រើន ត្រូវបានលុបចោល ចំពេលមានការកើនឡើង នៃភាពតានតឹងរវាងអ៊ីស្រាអែល និង ក្រុម Hezbollah នៅប្រទេសលីបង់។
កាលពីថ្ងៃអាទិត្យ អ្នកដំណើររាប់សិបនាក់ នៅអាកាសយានដ្ឋានអន្តរជាតិតែមួយគត់ របស់ប្រទេសលីបង់ ត្រូវបានគេឃើញ កំពុងត្រួតពិនិត្យផ្ទាំងជូនដំណឹង យ៉ាងអន្ទះសារ ខណៈដែលជើងហោះហើរ ត្រូវបានលុបចោល ឬ ពន្យារពេល។
ក្រុមហ៊ុនអាកាសចរណ៍ធំៗ បានប្រកាសផ្អាកជើងហោះហើរ បន្ទាប់ពីអ៊ីស្រាអែល និងហេសបូឡា បានប្រកាសការវាយប្រហារ យ៉ាងទូលំទូលាយ នៅក្នុងការកើនឡើង នៃអរិភាពឆ្លងដែន រវាងប្រទេសទាំងពីរ។
អ្នកដំណើរ លោក Elham Shukair ដែលត្រូវធ្វើដំណើរ ទៅកាន់សហរដ្ឋអាមេរិក បាននិយាយថា «យើងបានមកដល់ នៅម៉ោង៤៖៣០ ព្រឹក ត្រៀមហោះហើរនៅម៉ោង ៨ព្រឹក ប៉ុន្តែ ពួកគេបានប្រាប់យើងថា វាត្រូវបានលុបចោលវិញ»។
ចលនា Hezbollah គាំទ្រដោយប្រទេសលីបង់ បានធ្វើការបាញ់ប្រហារ ជារៀងរាល់ថ្ងៃ ជាមួយកងកម្លាំងអ៊ីស្រាអែល ដើម្បីគាំទ្រដល់សម្ព័ន្ធមិត្ត Hamas ចាប់តាំងពីការវាយប្រហារ ថ្ងៃទី៧ ខែតុលា របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ ទៅលើអ៊ីស្រាអែល បង្កឱ្យមានសង្រ្គាម Gaza រហូតមកដល់បច្ចុប្បន្ន។
ភាពតានតឹងកាន់តែខ្លាំង បានកើតមានឡើង ក្រោយពេលដែលអ៊ីស្រាអែល ទើបបានបើកការវាយប្រហារ តាមផ្លូវអាកាស ចូលទៅក្នុងប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ ដោយនិយាយថា ដើម្បី រារាំងការវាយប្រហារទ្រង់ទ្រាយធំ របស់ក្រុម Hezbollah ខណៈដែលក្រុមលីបង់បានប្រកាសពីការវាយប្រហារឆ្លងព្រំដែន កាន់តែធំ ដើម្បីសងសឹកចំពោះការសម្លាប់មេបញ្ជាការកំពូលម្នាក់ គឺលោក Fuad Shukr នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល កាលពីខែមុន។ ក្រុម Hezbollah បានអះអាងថា ខ្លួនក៏បានបាញ់រ៉ុក្កែតជាង ៣២០គ្រាប់ ទៅលើមូលដ្ឋានទ័ពអ៊ីស្រាអែល ផងដែរ កាលពីថ្ងៃអាទិត្យ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត