ឯកឧត្តម ទៀ ស្យាម ៖ ហេដ្ឋារចនាសម័ន្ធ ទេសភាព និងការរស់នៅ បង្ហាញពីភាពសុខដុមរមនា
(ភ្នំពេញ)៖ ឯកឧត្តម ទៀ ស្យាម ប្រធានក្លឹបមហាគ្រួសាររថយន្ត Off-Road កម្ពុជា បានបញ្ជាក់ថា ការធ្វើដំណើរទេសចរណ៍មានការចូលរួមច្រើនពីបងប្អូនក្រុមរថយន្ត Off-Road មកពីគ្រប់ខេត្ត ដើម្បីចូលរួមផ្សព្វផ្សាយពីសក្តានុពលធនធានធម្មជាតិខេត្តទាំង៤ គឺខេត្តក្រចេះ មណ្ឌលគីរី រតនៈគីរី និងខេត្តស្ទឹងត្រែង។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ក្រោយបញ្ចប់បេសកម្មដំណើរកម្សាន្តរយៈពេល ៣ថ្ងៃ នៅភូមិភាគឦសាន នាល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ។
ឯកឧត្តម ទៀ ស្យាម មានប្រសាសន៍បន្តថា ក្រុមរថយន្ត Off-Road ខ្លះមិនបានធ្វើដំណើរពីភ្នំពេញជាមួយយើងតែពួកគាត់បានចាំស្វាគមន៍ និងធ្វើដំណើរជាមួយយើងជុំវិញ៤ខេត្ត បង្កើនភាពអ៊ូអរ ស្និតស្នាល មិត្តភាព សាមគ្គីភាព ជាមហាគ្រួសាររថយន្ត Off-Road ចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍ធនធានធម្មជាតិ។ ឯកឧត្តមប្រធាន បន្តថា ដំណើរកម្សាន្តនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ពីការរៀបចំខ្សែក្រវាត់ព្រំដែន និងបង្គោលព្រំដែនយ៉ាងជាក់លាក់ត្រឹមត្រូវ ដើម្បីអោយពួកយើងជាកូនចៅជំនាន់ក្រោយបានដឹង និងស្គាល់ច្បាស់ពីខ្សែបន្ទាត់ព្រំដែនដែលមានតាំងពីជំនាន់មុនៗមក។
ឯកឧត្តម ទៀ ស្យាម បន្ថែមថា មានផ្លូវតភ្ជាប់ប្រទាក់ក្រឡាគ្នាទាំងអស់ និងមានប្រជាជនរស់ច្រើន ហើយតំបន់នីមួយៗមានភាពខុសប្លែកគ្នា ដូចជា មណ្ឌលគីរី ទេសភាពព្រៃ ភ្នំ ពណ៌បៃតងខ្ចីស្អាត ហើយម្ខាងទៀតជាមួយព្រដែនឡាវ ប្រជាជនរស់នៅដូចបងប្អូន ផ្លាស់ប្តូរវប្បធម៌ និងការរកស៊ី ។
សូមបញ្ជាក់ថា ដំណើរកម្សាន្តតាមផ្លូវក្រវាត់ព្រំដែនភូមិភាគឦសាន ដើម្បីជួយផ្សព្វផ្សាយ និងជំរុញសកម្មភាពទេសចរណ៍នៅក្នុងប្រទេស មានរថយន្ត Off-Road សរុប ៣០គ្រឿ ង និងសមាជិក ១៥០នាក់ រយៈពេល ៣ថ្ងៃពីថ្ងៃទី២៣ ដល់ទី២៥ ខែសីហា ឆ្នាំ២០២៤ ទៅកាន់ខេត្តចំនួន៤ គឺខេត្តក្រចេះ មណ្ឌលគីរី រតនគីរី និងខេត្តស្ទឹងត្រែង៕
អត្ថបទ-រូបភាព ៖ លោក ចាន់ វិចិត្រ សែម បូរិន