សមុទ្រកម្ពុជា ក៏សម្បូរទៅដោយសំរាម មិនចាញ់ពីសំរាមក្នុងទន្លេទេ
(ភ្នំពេញ)ក្រៅអំពីសំរាមដែលមានរាយប៉ាយនៅតាមទឹកទន្លេដែលជាប្រភពបំពុលទឹកហើយ នៅតាមសមុទ្រគេក៏ឃើញផងដែរថាមានសំរាមរាយប៉ាយច្រើនដែលធ្លាក់ចូលក្នុងសមុទ្រ ដែលបង្កការប៉ះពាល់ដល់សត្វសមុទ្រ និងក៏ដូចជាមនុស្សយើងទាំងផ្ទាល់ និងប្រយោល ។ នេះជាការបញ្ជាក់ពីសំណាក់ លោកនូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសំអាតទន្លេ សមុទ្រ ។
បើតាមលោកនាយកប្រតិបត្តិ អង្គការសំអាតទន្លេ សមុទ្របានបញ្ជាក់ប្រាប់AMS ឱ្យដឹងថា៖ កន្លងមកអង្គការសំអាតទន្លេ សមុទ្រ សម្អាតនៅតាមតំបន់ដើមឈើចាំស្នេហ៍ខេត្តព្រះសីហនុ និងនៅខេត្តកោះកុង។កាលពីមុនមកនេះសំរាមនៅតាមឆ្នេរសមុទ្រនៅតាមក្រុងព្រះសីហនុមាន ច្រើន ប៉ុន្តែបច្ចុប្បន្នមិនសូវមានសំរាមទេ ដោយសារការដឹកនាំរបស់អាជ្ញាធរ។ទាំងនេះព្រោះថាក្រៅពីប្រជាពលរដ្ឋដែលរស់នៅទីកន្លែងនោះចេះទុកដាក់សំរាមបានត្រឹមត្រូវជាងមុន ។ទោះបីយ៉ាងណាដោយឡែកនៅខេត្តកោះកុងវិញ ស្ថានភាពសំរាមហាក់ពុំទាន់មានភាពល្អប្រសើរទេពោលគឺំសំរាមនៅតែបន្តធ្លាក់ក្នុងសមុទ្រច្រើននៅឡើយ ។
លោកនូ សុវណ្ណ បានរៀបរាប់ប្រាប់ថា”អង្គការរបស់ខ្ញុំបានទៅធ្វើការសម្អាតនៅកោះស្នេហ៍ បើការពិនិត្យគឺសំរាមនៅទីនោះច្រើនដោយសារប្រជាពលរដ្ឋរស់នៅច្រើនតាមមាត់ទឹក ដូចជាតំបន់ផ្សារត្រី មានសំរាមជាច្រើនក្នុងទឹក ទាំងនេះដោយសារពលរដ្ឋមួយចំនួនមិនបានយល់ដឹងបានចោលសំរាមចូលក្នុងទឹក។ម្យ៉ាងដោយសារចរន្តទឹកស្រក ទឹកឡើងវាតែងប្រមូលផ្តុំមកកកផ្តុំត្រង់កោះស្នេហ៍នេះតែម្តង”។
លោកបានប្រាប់ថា”កោះស្នេហ័នេះមានឆ្នេខ្សាច់សល្អតែក៏មានសំរាមនៅរាយប៉ាយច្រើន តែខ្ញុំសង្ឃឺមថានៅពេលធ្វើការអភិវិវឌ្ឍន៍ទៅសំរាមនឹងល្អប្រសើរឡើង បងប្អូនពលរដ្ឋនឹងចូលរួមទុកដាក់សំរាមបានត្រឹមត្រូវ។យ៉ាងណាក៏ដោយបើបងប្អូនរស់នៅតំបន់ទាំងនេះនៅតែបន្តបោះចោលសំរាមនោះសំរាមក្នុងសមុទ្រនឹងនៅច្រើនជាងមុនជាក់ជាពុំខាន។ហេតុនេះការទប់ស្កាត់មិនឱ្យប្រជាពលរដ្ឋបោះសំរាមចោលក្នុងសមុទ្របន្តទៅទៀតជារឿងសំខាន់បំផុត។ យើងត្រូវរួមគ្នាធ្វើយ៉ាងណាមិនត្រូវឱ្យមានការបំពុលទឹកទន្លេ បំពុលទឹកសមុទ្រយើងបន្តទៀត។
ប្រធានអង្គការសំអាត ទន្លេ សមុទ្ររូបនេះបានបញ្ជាក់ដែរថា”បើមើលទៅសំរាមនៅខេត្តកោះកុងនៅមានអណាធិបតេយ្យច្រើននៅឡើយ ពិសេសនៅតាមក្រោមផ្ទះរបស់ពួកគាត់ ដែលនៅក្រោមផ្ទះនោះគឺទឹកសមុទ្រតែម្តង”។
លោកបានបញ្ជាក់ឱ្យដឹងដែរថាសម្រាប់សំរាមដែលធ្លាក់ច្រើនបំផុតនៅតំបន់ខេត្តកោះកុងក្នុងនេះដូចជាខាងកោះស្តេច កោះស្នេហ៍គឺសម្បូរខ្លាំង។ ទោះបីលើកឡើងថា សំរាម បានធ្លាក់ក្នុងសមុទ្រជារៀងរាល់ថ្ងៃ និង រៀងរាល់ឆ្នាំក្តី ប៉ុន្តែ នាយកប្រតិបត្តិ អង្គការសំអាតទន្លេ សមុទ្ររូបនេះមិនអាចធ្វើការប៉ាន់ប្រមាណដឹងនោះឡើយទេថា មានចំនួនប៉ុន្មាននោះដែរ ប៉ុន្តែលោកថាតាមការប៉ាន់ប្រមាណគឺរាប់សិបតោនក្នុងមួយឆ្នាំៗធ្លាក់ចូលសមុទ្រ។
លោកនូ សុវណ្ណ បានប្រាប់ថា”តាមការសង្កេតដោយភ្នែកគេឃើញនៅតំបន់ខាងលើនោះច្រើនខ្លាំងណាស់ ហេតុនេះនៅខាងក្រោមទឹកសមុទ្រវាច្រើនលើសហ្នឹងទៅទៀត”។
លោកបានបញ្ជាក់ប្រាប់បន្ថែមថា៖”បើប្រៀបធៀបគឺខេត្តកំពង់សោមមានរបៀបរៀបរយល្អជាង ខេត្ត កោះកុង ក្នុងការបោះចោលសំរាម ។សម្រាប់សំរាមដែលត្រូវគេបោះចោលច្រើនបំផុតគឺនៅតាមដីទំនេរ ហើយដោយសារប្រជាពលរដ្ឋរស់នៅទីនោះមួយចំនួនពុំសូវបានយល់ពីបញ្ហាអនាម័យក្នុងការបោះចោលសំរាមផងទើបធ្វើឱ្យសមុទ្រយើងមួយចំនួនសម្បូរទៅដោយសំរាមច្រើនឥតគណនាដូចតាមតំបន់ទន្លេមួយចំនួនទាំងក្នុងប្រទេសកម្ពុជាក៏ដូចនៅបរទេសផងដែរ។
គួរបញ្ជាក់ថាបើតាម ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននាកន្លងមកបានអំពាវនាវឱ្យគ្រប់ភាគីចូលរួមសំអាតទឹកសមុទ្រ និងពិសេសត្រូវអប់រំផ្សព្វផ្សាយឱ្យពលរដ្ឋត្រូវចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ជាមួយគ្នាឯកឧត្តមអំពាវនាវឱ្យពលរដ្ឋត្រូវទុកដាក់សំណល់សំរាមប្លាស្ទិកឱ្យបានត្រឹមត្រូវដែលជាប្រភពបំពុលទឹក បង្កគ្រោះថ្នាក់ដល់ត្រីរស់នៅសមុទ្រ និងក៏ដូចជាពលរដ្ឋ។
គួរបញ្ជាក់ថាបើតាមអង្គការសំអាតទន្លេសមុទ្របានឱ្យដឹងដែរថាបើគិតមកដល់ត្រឹមចុង ខែកក្កដា ឆ្នាំ២០២៤កន្លងមក សំរាមជាង១៨៩០ តោនត្រូវបានប្រមូលចេញពី ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ក្នុង ភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប។ សំរាមទាំងអស់ត្រូវបានញែកតាមប្រភេទ ដើម្បីបំលែងជាថាមពល និង ផលិតជាស៊ីម៉ង់៕
ដោយ ៖ ម៉ាដេប៉ូ