ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ រយៈពេល ១ឆ្នាំ ដើមអាណត្តិទី៧ ខេត្តព្រះសីហនុ អនុវត្តបាននូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ប្រកបដោយមោទនភាព
(ព្រះសីហនុ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានបញ្ជាក់ថា រយៈពេល១ឆ្នាំ ដើមអាណត្តិទី៧នេះ ខេត្តព្រះសីហនុអនុវត្តបាននូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ប្រកបដោយមោទនភាព ដែលឆ្លើយតបទៅនឹងអាទិភាពគន្លឹះ៥ របស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសគឺធានាបានថា នៅទូទាំងខេត្តព្រះសីហនុ ប្រជាពលរដ្ឋនឹងមានទឹក អគ្គិសនី និងផ្លូវប្រើប្រាស់គ្រប់គ្រាន់។ នេះជាការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានជំរុញដល់ក្រុមការងារទាំងអស់អោយសហការជាមួយរដ្ឋបាលខេត្តដើម្បីគិតគូរក្នុងការរៀបចំខេត្តព្រះសីហនុឲ្យបានល្អ អភិវឌ្ឍន៍ឱ្យចំទិសដៅដើម្បីបង្កើនសេដ្ឋកិច្ចក្នុងខេត្តឱ្យកាន់តែប្រសើរឡើង ឆ្លើយតបបានតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋពីព្រោះ ខេត្តព្រះសីហនុជាខេត្តមួយសំខាន់នៅក្នុងរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរ។ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តម ឯកភាពខ្ពស់ទៅនឹងអ្វីដែលរដ្ឋបាលខេត្តព្រះសីហនុបានធ្វើកន្លងមក និងបានកោតសរសើរចំពោះការអនុវត្តបានយ៉ាងត្រឹមត្រូវនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ទាំងស្មារតី និងការទទួលខុសត្រូវរបស់រដ្ឋបាលខេត្ត។
ឯកឧត្តម បានលើកឡើងថា ក្នុងរយៈពេល១ឆ្នាំ ដើមអាណត្តិទី៧នេះ យើងសម្រេចបាននូវការងារជាច្រើនយ៉ាងឆាប់រហ័សនិងជាក់លាក់ ប៉ុន្តែទន្ទឹមនោះ យើងក៏បានជួបបញ្ហាជាច្រើនដែលជាការសាកល្បងទាំងកម្លាំង ទាំងស្មារតីនិងការទទួលខុសត្រូវ ព្រមទាំងភាពវាងវៃរបស់យើង ដែលនេះជាឱកាសបញ្ជាក់ពីភាពរឹងមាំក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាមានទំនុកចិត្តជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលជាអ្នកបន្តវេន។
សូមជម្រាបជូបថា យុទ្ធសាស្ត្របញ្ចាកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភាមានបាវចនា ៥ គោលដៅយុទ្ធសាស្ត្រ៥ និងអាទិភាពគន្លឹះ ៥។ បាវចនា ៥ រួមមាន៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ គោលដៅយុទ្ធសាស្ត្រ ៥៖ ១. ធានាឱ្យបានកំណើនសេដ្ឋកិច្ច ២. បង្កើតការងារឱ្យកាន់បានតែច្រើន ៣. សម្រេចឱ្យបាននូវគោលដៅកាន់បន្ថយភាពក្រីក្រ ៤. បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និង ៥. ធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ច។ អាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕
ដោយ / គ្រី សម្បត្តិ