ក្រោយការប្រកាសរបស់សម្ដេចនាយករដ្ឋមន្រ្តី ពលរដ្ឋបានបរិច្ចាគថវិកាចូលមូលនិធិអភិវឌ្ឍព្រំដែនភ្លូកទឹកភ្លូកដី
(ភ្នំពេញ)៖ បន្ទាប់ពីមានការអំពាវនាវពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យប្រជាពលរដ្ឋចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន មន្រ្តីរាជការ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈយ៉ាងច្រើនកុះករបាននាំគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងយុទ្ធនាការ«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»ជាបន្តបន្ទាប់។
លោក ណុប នរិន្ទ សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមគ្រឹះស្ថានឧត្ដមសិក្សាបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកជនបានចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនចំនួន ១.០០០ដុល្លារ ជាការបង្ហាញនូវទឹកចិត្ត និងសកម្មភាពមួយទៀតដើម្បីជាតិមាតុភូមិ និងដើម្បីផលប្រយោជន៍រួមរបស់ជាតិទាំងមូលផងដែរ។
លោកបន្តថា៖«ខ្ញុំពិតជាសប្បាយរីករាយដែលបានចូលរួមចំណែកផ្ទាល់ជាមួយរាជដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍន៍ជាតិក្នុងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាពជាដើម»។
លោក ហោ ស៊ុនឡេង ជាប្រជាពលរដ្ឋបានអនុវត្តដោយស្ម័គ្រចិត្តតបតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនសំដៅរួមគ្នាក្នុងឆ្លងមហាសាមគ្គី ជាតិខ្មែរក្នុងការថែរក្សាសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។
លោកបន្តថា៖«ខ្ញុំនិងភរិយា សូមចូលរួមជាមួយរាជរដ្ឋាភិបាលតាមរយៈការបរិច្ចាគ ប្រាក់បៀវត្សផ្ទាល់ខ្លួនចូលរួមក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍតាមតំបន់ព្រំដែនឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព»។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី ២២ខែសីហានេះ បានប្រកាសពីការផ្ដួចផ្ដើមគំនិតក្នុងការបង្កើតនូវមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដោយព្រំដែនកម្ពុជា ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមដោយផ្ទាល់ទាំងអស់គ្នា។
សម្ដេចធិបតីមានប្រសាសន៍ថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដែលជាគំនិតផ្ដួចផ្ដើមដោយផ្ទាល់របស់សម្ដេចនៅពេលនេះ ធ្វើឡើងក្នុងគោលដៅពីរ ពោលដើម្បីកៀរគរថវិកាបន្ថែម និងដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំបានសម្រេចផ្ដួចផ្ដើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដែលមានគោលដៅពីរ ទី១៖ កៀរគរថវិកាបន្ថែម និងទី២៖ ផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋទូទាំងប្រទេសបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដនៅតាមបណ្ដោយព្រំដែន ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើផ្លូវក្រវាត់ព្រំដែន។ ខ្ញុំសូមយកឱកាសនេះ ដើម្បីអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ដើម្បីចូលរួមក្នុងបុព្វហេតុនេះ ដើម្បីរួមគ្នាកសាងផ្លូវក្រវាត់ព្រំដែន រួមគ្នាក្នុងការកសាងការពារបូរណភាពទឹកដីរបស់យើង»។
ជាមួយគ្នានេះ សម្ដេចធិបតីបានឲ្យដឹងថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានកសាងផ្លូវតាមបណ្តោយព្រំដេនជាមួយប្រទេសជិតខាងវៀតណាម ថៃ ឡាវ ក្នុងនោះ ព្រំដែនកម្ពុជា-វៀតណាមកសាងផ្លូវបាន ៦៨៦,៩៦គីឡូម៉ែត្រ លើផែនការសរុប ១០៦៦គីឡូម៉ែត្រ។
ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយប្រកាសលេខទូរសព្ទ និងបង្ហាញគណនីធនាគារចំនួន៦ ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជន ចូលរួមបរិច្ចាគដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា សម្តេចធិបតីសម្រេចបង្កើតមូលនិធិនេះឡើង ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕
ដោយ ៖ ង៉ាន់ ទិត្យ
ប្រភព ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ