ពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីយដ្ឋានអង្គរ បានទទួលការអនុញ្ញាតឱ្យជួសជុល លំនៅដ្ឋានចំនួន ៣៦ករណីក្នុងចំណោម ៤៦ករណីដែលបានស្នើសុំ
(ភ្នំពេញ)៖អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថាគិតចាប់ពីដើមខែ រហូតដល់ជិត ចុងខែ សីហា នេះក្រុមការងារសហគមន៍បានធ្វើការបន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ បានចំនួន៤៦ករណី និងសម្រេចអនុញ្ញាតបានចំនួន៣៦ករណី។
បើយោងតាមប្រភពពីអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី២៦ ខែ សីហា ឆ្នាំ ២០២៤នេះថាប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីយដ្ឋានអង្គរត្រូវបាន អាជ្ញាធរជាតិអប្សរា អនុញ្ញាតឱ្យធ្វើ ការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម។រាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹម ២ខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា។
ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថាសម្រាប់ក្នុងសប្ដាហ៍ទី៣ នៃខែសីហា ក្រុមការងារសហគមន៍បានចុះ ពិនិត្យសំណើបានចំនួន៤៦ករណី និងសម្រេចអនុញ្ញាតបានចំនួន ៣៦ករណី ទៅតាមបណ្ដាលស្រុកនិងក្រុងទាំង៧ ។ រាល់ការដាក់ពាក្យស្នើសុំច្បាប់ និងការអនុញ្ញាត គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។ ជាមួយគ្នានេះ ក្រុមការងារសង្កេតឃើញថា ក៏មានអ្នកដែលទទួលបានការអនុញ្ញាតហើយ ប៉ុន្តែពុំបានអនុវត្តត្រឹមត្រូវ ស្របនឹងការអនុញ្ញាតនោះឡើយ។
អាជ្ញាធរជាតិអប្សរាបានលើកឡើងដោយបញ្ជាក់ពីការសង្ឃឹមជឿជាក់ថា៖ប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតឱ្យជួសជុលលំនៅដ្ឋានត្រូវអនុវត្តឲ្យស្របតាមចំណុចបច្ចេកទេសដែលមានការទទួលដឹងលឺ ពីអាជ្ញាធរមូលដ្ឋាន និងទទួលស្គាល់ដោយអាជ្ញាធរជាតិអប្សរា៕
ដោយ ៖ ម៉ាដេប៉ូ