អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ប្រជាពលរដ្ឋខ្មែរគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយអភិវឌ្ឍន៍តំបន់ព្រំដែន

ភ្នំពេញ៖ ចរន្តនៃការគាំទ្ររបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកជំនួញ បានចូលរួមបរិច្ចាគថវិកា​មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន បានកំពុងតែកើតមានឡើងយ៉ាងផុសផុលដូចទឹកបាក់ទំនប់។ នេះសបញ្ជាក់ឱ្យឃើញថាប្រជាពលរដ្ឋខ្មែរគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយអភិវឌ្ឍន៍តំបន់ព្រំដែន។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ​បានមានប្រសាសន៍ថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី២៦ ខែសីហានេះថា ភ្លាមៗក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសកាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ដាក់ចេញនៅមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនជាផ្លូវការដើម្បីឲ្យបងប្អូនបានចូលរួមបរិច្ចាគ គឺឃើញចរន្តនៃការចូលរួមមានច្រើន និងបងប្អូនមានការសប្បាយគ្រប់គ្នាទាំងមន្ត្រីរាជការ ទាំងកងកម្លាំងប្រដាប់អាវុធ ទាំងប្រជាពលរដ្ឋ ទាំងអ្នកជំនួយ ពោលគឺប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបានចូលរួមចំណែកច្រើន។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍បញ្ជាក់ថា នេះសបញ្ជាក់ឲ្យឃើញថាប្រជាពលរដ្ឋខ្មែរគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយអភិវឌ្ឍន៍តំបន់ព្រំដែនដែលរាជរដ្ឋាភិបាលបានធ្វើជាយូរមកហើយ ហើយឥឡូវនេះកំពុងតែបន្តធ្វើ។ ដូច្នេះប្រជាពលរដ្ឋពេញចិត្តសប្បាយរីករាយនឹងចូលរួមចំណែក។ ការចូលរួមចំណែករបស់ប្រជាពលរដ្ឋមានអត្ថន័យធំធេងណាស់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែនឱ្យកាន់តែរីកចម្រើន ហើយកាលណាមានហេដ្ឋារចនាសម្ព័ន្ធរីកចម្រើនមានប្រជាពលរដ្ឋទៅរស់នៅទីនោះកាន់តែច្រើនឡើងៗ។ នេះគឺជារបងការពារដ៏រឹងមាំបំផុតនៅបូរណភាពទឹកដីរបស់យើង ដូចដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជាសម្តេចតេជោបានបញ្ជាក់រួចហើយ។

តាមរយៈសារពិសេសអំពីសមទ្ធិផល១ឆ្នាំ របស់រាជរដ្ឋាភិបាល អាណិត្តិទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សម្តេចបានសម្រេចផ្តួចផ្តើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដែលមានគោលដៅពីរ ទី១. គឺកៀងគរថវិការបន្ថែម និងទី២. ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋទូទាំងប្រទេសបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល នៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅតាមបណ្តោយព្រំដែន ដោយផ្តោតការយកចិត្តទុកដាក់ទៅលើផ្លូវក្រវាត់ព្រំដែន។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានអំពាវនាវទៅដល់បងប្អូនជនរួមទាំងអស់ដើម្បីចូលរួមក្នុងបុព្វហេតុនេះ ដើម្បីរួមគ្នានៅក្នុងការកសាងផ្លូវក្រវ៉ាត់ព្រំដែន ដែលរួមគ្នានៅក្នុងការកសាង ការពារបូរណភាពទឹកដីរបស់យើង៕
ដោយ៖ពលជ័យ

ads banner