ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ជាយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់កម្ពុជា និងជំរុញដំណើរឆ្ពោះទៅមុខ

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុប្រធាននិងជាប្រធានប្រចាំការនៃសហភាពសហព័ន្ធ​យុវជនកម្ពុជា បានចាត់ទុកសហភាពសហព័ន្ធយុវជនកម្ពុជាគឺជាចន្លុះបំភ្លឺផ្លូវ និងជា​យុទ្ធសាស្ត្រដ៏សំខាន់សំរាប់កម្ពុជា និងបានជំរុញឱ្យសហភាពសហព័ន្ធយុវជនកម្ពុជា​រួមគ្នាគិតគូរឱ្យបានច្បាស់លាស់នូវដំណើរឆ្ពោះទៅមុខ ហើយរាល់ជំហានដែល​បោះ​ទៅមុខ គឺជាជំហានដែលត្រឹមត្រូវ និងមិនមានការថយក្រោយឡើយ ។

នេះជាប្រសាសន៍លើកឡើងក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក-សមាជិកា សហភាពសហព័ន្ធយុវជន​កម្ពុជា​ខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានកោតសរសើរ ចំពោះសហភាពសហព័ន្ធ​យុវជនកម្ពុជាខេត្តព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និង​កម្លាំងប្រាជ្ញាក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា និងបានវាយតម្លៃខ្ពស់​ចំពោះ​ថ្នាក់​ដឹកនាំ និងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ដែលបានឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្ររបស់សហភាពសហព័ន្ធយុវជនកម្ពុជា។

ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អភិបាលខេត្ត ក្រុង ស្រុកទាំងអស់ ដែលបានផ្ដល់នូវកិច្ចសហការយ៉ាងស្អិតរមួតដល់សហភាព​សហព័ន្ធ​យុវជនកម្ពុជាខេត្តព្រះសីហនុ ក្នុងការបំពេញកិច្ចការងារគ្រប់បែបយ៉ាងទទួល​បាន​ជោគជ័យយ៉ាងរលូន។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបំផុសនូវគំនិតមួយចំនួនក្នុងការជំរុញ​ដល់​សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុឱ្យយល់ដឹងពីគុណ​តម្លៃស្នូល​របស់ខ្លួន និងជួយដល់មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ សហជីព សភាពាណិជ្ជកម្ម ក្នុងកម្រិតណាមួយដើម្បីបំពេញបន្ថែម​ឱ្យគ្នា​ទៅវិញទៅមក ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner