វៀតណាមនឹងមានប្រធានាធិបតីថ្មី នៅខែតុលា

បរទេស៖ នៅថ្ងៃអង្គារនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានចេញផ្សាយថា សភាជាតិរបស់ប្រទេសមួយនេះ នឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅក្នុងខែតុលា ដែលជាការផ្លាស់ប្តូរថ្នាក់កំពូលចុងក្រោយបង្អស់ ក្នុងអំឡុងពេលដែលមានភាពច្របូកច្របល់មិនធម្មតា សម្រាប់រដ្ឋកុម្មុយនិស្ត មួយនេះ។

តំណែងប្រធានាធិបតី គឺជាតួនាទីដ៏សំខាន់មួយ នៅក្នុងរចនាសម្ព័ន្ធដឹកនាំ បួន សសរស្តម្ភ របស់វៀតណាម ក្នុងនោះ បីមុខតំណែងទៀត រួមមាន អគ្គលេខាធិការបក្សកុម្មុយនិស្តដែលជាតំណែងកំពូល, តំណែងនាយករដ្ឋមន្ត្រី និងតំណែង ប្រធានរដ្ឋសភា។

កាសែត Voice of Vietnam បានឲ្យដឹង ដោយបានដកស្រង់ប្រភពពីសភាជាតិថា៖ «រដ្ឋសភានឹងសម្រេចជាផ្លូវការ នូវតំណែងប្រធានាធិបតីថ្មី នៅសម័យប្រជុំជាទៀងទាត់ នៅខែតុលា»។

ប្រធានាធិបតី បច្ចុប្បន្ន To Lam ត្រូវបានតែងតាំងជាអគ្គលេខាធិការ ឬជាប្រធានបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាច នៅខែនេះ បន្ទាប់ពីមរណភាពរបស់លោក Nguyen Phu Trong។

គួរបញ្ជាក់ថា យុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ធំរបស់វៀតណាម បានប៉ះពាល់ដល់តំណែងមន្ត្រីជាន់ខ្ពស់ជាច្រើន នៅប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងមេដឹកនាំកំពូលមួយចំនួន។

កាលពីថ្ងៃចន្ទ សភាជាតិវៀតណាម ក៏បានប្រកាសពីការតែងតាំង ឧបនាយករដ្ឋមន្ត្រីថ្មី បីរូប, រដ្ឋមន្ត្រីថ្មីៗ ចំនួនពីររូប ព្រមទំាំង ថ្នាក់ដឹកនាំថ្មី ក្នុងស្ថាប័នតុលាការ ទៀតផង។

យ៉ាងណាមិញ កាសែតរដ្ឋវៀតណាម ពុំបានចុះផ្សាយពី ការប្រែប្រួលមុខតំណែងប្រធានាធិបតីបច្ចុប្បន្ន លោក To Lam នោះទេ ខណៈដែលគេដឹងថា លោកកាន់តំណែងកំពូលៗចំនួនពីរ ក្នុងពេលតែមួយ មួយរយៈចុងក្រោយនេះ ជាប្រធានបក្សផង និងប្រធានាធិបតីផង។

ប៉ុន្តែកាសែតជប៉ុន Nikkei Asia ដែលបានចេញផ្សាយ ពីព័ត៌មាននេះដែរ បានឲ្យដឹងថា លោក To Lam អាចនឹងបម្រើការតែជាប្រធានបក្សកុម្មុយនិស្ត តែមួយប៉ុណ្ណោះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner