ប្រេស៊ីលបញ្ចេញយន្តហោះយោធា ក្នុងសង្គ្រាមប្រឆាំងនឹងភ្លើងឆេះព្រៃ

ប្រាស៊ីលីយ៉ា៖ ប្រេស៊ីលកំពុងដាក់ពង្រាយយន្តហោះយោធា ដើម្បីធ្វើសង្រ្គាមប្រឆាំងនឹងភ្លើងឆេះព្រៃ ដែលឆេះបំផ្លាញរដ្ឋ Sao Paulo ភាគអាគ្នេយ៍។

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលប្រេស៊ីលកំពុងដាក់ពង្រាយយន្តហោះយោធា ជាផ្នែកមួយនៃសង្រ្គាមប្រឆាំងនឹងភ្លើងឆេះព្រៃដ៏កំណាច។

យន្តហោះយោធាដែលត្រូវបានដាក់ពង្រាយរួមមាន KC-390 Embraer ដែលជាយន្តហោះដឹកជញ្ជូនកងទ័ពចល័ត ដែលអាចទម្លាក់ទឹកបានដល់ទៅ ១២,០០០លីត្រ។

យន្តហោះយោធា Embraer ត្រូវបានបញ្ជូនទៅកាន់ទីក្រុងមួយ ក្នុងចំណោមទីក្រុងដែលរងការគំរាមកំហែងបំផុត គឺសហគមន៍ Ribeirao Preto ដែលមានចម្ងាយប្រហែល ៣០០គីឡូម៉ែត្រពីទីក្រុង Sao Paulo។

រដ្ឋមន្ត្រីបរិស្ថានប្រេស៊ីល លោកស្រី Marina Silva បានប្រកាសធ្វើសង្រ្គាមប្រឆាំងនឹងភ្លើងឆេះព្រៃ ហើយបាននិយាយថា ប៉ូលីសសហព័ន្ធកំពុងស៊ើបអង្កេតរកមូលហេតុ នៅពីក្រោយភ្លើងឆេះព្រៃ ដែលបណ្តាលឱ្យមានការខូចខាត និងការរំខានយ៉ាងទូលំទូលាយ។

ជាមួយគ្នានេះ អភិបាលក្រុង Sao Paulo លោក Tarcisio de Freitas បានប្រកាសដាក់ក្រុងក្នុងគ្រាអាសន្ន នៅក្នុងចំណោមក្រុងចំនួន៤៥ និងបានចាប់ខ្លួនមនុស្សពីរនាក់ ដែលសង្ស័យថា ជាអ្នកបង្កភ្លើងឆេះព្រៃ។

ដោយសារតែផ្សែងហុយពាសពេញផ្ទៃមេឃប្រទេសប្រេស៊ីល បាននាំឱ្យជើងហោះហើរជាច្រើនត្រូវបានលុបចោល ហើយការធ្វើដំណើរនៅលើផ្លូវមួយចំនួនត្រូវបានបញ្ឈប់ ខណៈអ្នកស្រុកខ្លះត្រូវជម្លៀសចេញពីផ្ទះសម្បែងទៅកាន់តំបន់មានសុវត្ថិភាព។

ចំពេលគ្រោះរាំងស្ងួតអូសបន្លាយយូរ ទីក្រុង Sao Paulo កំពុងជួបប្រទះខែដ៏អាក្រក់បំផុត នៃភ្លើងឆេះព្រៃក្នុងរយៈពេលជាច្រើនទសវត្សរ៍ ជាមួយនឹងការឆាបឆេះចំនួន ៣,៤៨០លើក នេះបើយោងតាមវិទ្យាស្ថានជាតិស្រាវជ្រាវអវកាស (INPE)៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner